National
• 1 week ago• Lim_Rothanaksambath
សម្តេចធិបតី ហ៊ុន ម៉ាណែត និងអគ្គលេខាធិការ OIF អញ្ជើញបើកសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី»

ភ្នំពេញ, ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦៖ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំង លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង (OIF) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកជាផ្លូវការនូវ «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francophonie) ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី» នៅបរិវេណសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ ដែលមានផ្ទៃដីប្រហែល ១០ ០០០ ម៉ែត្រការ៉េ ដោយរំពឹងថា នឹងស្វាគមន៍អ្នកទស្សនាប្រមាណ ១០០ ០០០នាក់ ទាំងក្នុង និងក្រៅប្រទេស។
ពិធីសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ដែលជាព្រឹត្តិការណ៍អមដ៏សំខាន់នៃ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ថ្លែងក្នុងពិធីសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» នាព្រឹកនេះ លោកជំទាវកិត្ដិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ ទទួលបន្ទុកព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានបញ្ជាក់ថា ការរៀបចំភូមិហ្វ្រង់កូហ្វូនីនេះ ត្រូវបានចាត់ទុកថា ជាលំហសម្រាប់ការស្វែងយល់ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការ ដែលបង្ហាញនូវអាទិភាពយុទ្ធសាស្ត្ររបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដោយផ្តោតខ្លាំងលើបរិយាប័ន្ន និងភាពងាយស្រួលសម្រាប់ទាំងអស់គ្នា ជាពិសេសស្ត្រី និងយុវជន។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia និងក្រសួងព័ត៌មានចំណុចលេចធ្លោនៅពេលឈានជើងចូលដល់ទីនោះ គឺខ្លោងទ្វារដ៏ធំស្កឹមស្កៃ ដែលបំផុសគំនិតចេញពី «ខ្លោងទ្វារទន្លេអុំ» នៃទីក្រុងបុរាណអង្គរធំ រំលេចដោយស្នាមញញឹមបែបបាយ័ន និងមានរូបសត្វព្រាបពណ៌ ស នៅចំកណ្តាល ដែលតំណាងឱ្យសន្តិភាព ភាពសុខដុមរមនា និងសាមគ្គីភាព។
លោកជំទាវកិត្ដិបណ្ឌិត បានឱ្យដឹងទៀតថា សម្រាប់សមាសភាគសំខាន់ៗទាំង៧ នៅក្នុងភូមិហ្វ្រង់កូហ្វូនី រួមមាន៖ ពន្លាតំណាងឱ្យបណ្តាប្រទេស និងដៃគូហ្វ្រង់កូហ្វូនីចំនួន៧៣។ ពន្លាព្រះរាជាណាចក្រកម្ពុជា ដែលបង្ហាញពីបេតិកភណ្ឌ សក្តានុពលទេសចរណ៍ និងវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច។ ពន្លារបស់អង្គការ OIF បង្ហាញពីសមិទ្ធផលកិច្ចសហប្រតិបត្តិការ។
ជាមួយគ្នានោះផងដែរ ស្តង់ពិព័រណ៍មានចំនួន១៣០ សម្រាប់ស្ថាប័ន អាជីវកម្ម និងសិប្បករ ខណៈភូមិសម្ភារៈម្ហូបអាហារចំនួន ៣០ស្តង់ រីឯ កិច្ចប្រជុំតុមូល និងវេទិកាពិភាក្សាចំនួន៣០ និងការសម្តែងសិល្បៈ និងវប្បធម៌ចំនួន៥០៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



