The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

កម្ពុជា និងអង្គការ OIF ចុះហត្ថលេខាលើផែនការសកម្មភាព ៥ឆ្នាំ ពង្រឹងការអប់រំភាសាបារាំងឱ្យកាន់តែរឹងមាំ

កម្ពុជា និងអង្គការ OIF ចុះហត្ថលេខាលើផែនការសកម្មភាព ៥ឆ្នាំ ពង្រឹងការអប់រំភាសាបារាំងឱ្យកាន់តែរឹងមាំ
ភ្នំពេញ, ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយជាមួយអង្គការអន្តរជាតិផ្ដោតលើភាសាបារាំង (OIF) ដើម្បីដាក់ចេញនូវផែនការសកម្មភាពរយៈពេល ៥ឆ្នាំ ក្នុងគោលដៅលើកកម្ពស់គុណភាពនៃការបង្រៀន និងរៀនភាសាបារាំងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ដោយមានការចូលរួមពី ឯកឧត្តម លុយ ដាវីដ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោក Désiré Nyaruhirira ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការ OIF។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodia

កិច្ចសហប្រតិបត្តិការថ្មីនេះ ផ្ដោតសំខាន់លើការធ្វើទំនើបកម្មប្រព័ន្ធអប់រំភាសាបារាំងនៅកម្ពុជា តាមរយៈសកម្មភាពជាយុទ្ធសាស្ត្រចំនួន ៦ រួមមាន៖
១. ការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា៖ ពិនិត្យឡើងវិញនូវកម្មវិធីសិក្សាសម្រាប់ថ្នាក់ពីរភាសា (បារាំង-ខ្មែរ) ទាំងភាសាបរទេសទី១ ទី២ និងមុខវិជ្ជាវិទ្យាសាស្ត្រដែលបង្រៀនជាភាសាបារាំង។
២. ការរៀបចំសៀវភៅសិក្សាថ្មី៖ បោះពុម្ពផ្សាយសៀវភៅគោលដែលស្របតាមស្តង់ដារអន្តរជាតិ សម្រាប់គ្រប់កម្រិតថ្នាក់។
៣. ការបណ្តុះបណ្តាលគ្រូបង្គោល៖ ពង្រឹងសមត្ថភាពគ្រូបង្រៀនឱ្យមានជំនាញច្បាស់លាស់ក្នុងការប្រើប្រាស់សម្ភារឧបទេស និងវិធីសាស្ត្របង្រៀនបែបទំនើប។
៤. ការប្រើប្រាស់បច្ចេកវិទ្យាអប់រំ (EdTech)៖ បង្កើតថ្នាលសិក្សាមុខវិជ្ជាភាសាបារាំងតាមប្រព័ន្ធឌីជីថល (Digital Platforms) របស់ OIF សម្រាប់គ្រូបង្រៀនកម្ពុជា។
៥. ការសហការរវាងស្ថាប័ន៖ បញ្ជ្រាបកញ្ចប់អភិវឌ្ឍសមត្ថភាពទៅក្នុងប្រព័ន្ធបណ្តុះបណ្តាលឌីជីថលរបស់ក្រសួងអប់រំផ្ទាល់។
៦. ការគាំទ្រធនធានមនុស្ស៖ បន្តបញ្ជូនគ្រូបង្រៀនភាសាបារាំងស្ម័គ្រចិត្តពីអន្តរជាតិមកជួយបង្រៀននៅតាមគ្រឹះស្ថានសិក្សានានាក្នុងប្រទេសកម្ពុជា។

ការចុះហត្ថលេខានេះ កើតឡើងក្នុងខណៈពេលដែលកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូណី (Francophonie Summit) លើកទី២០ នៅឆ្នាំ២០២៦។ នេះគឺជាសក្ខីភាពបង្ហាញពីឆន្ទៈដ៏មុតមាំរបស់កម្ពុជា ក្នុងការតភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងជាង ៨០ នៅលើពិភពលោក។

នាឱកាសនេះ ឯកឧត្តម លុយ ដាវីដ បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមិនត្រឹមតែពង្រឹងសមត្ថភាពភាសាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាស្ពានសម្រាប់សិស្ស-និស្សិតកម្ពុជា ក្នុងការទទួលបានអាហារូបករណ៍ និងឱកាសការងារក្នុងកម្រិតអន្តរជាតិផងដែរ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2