The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

អង្គការជប៉ុន OTR ចុះពិនិត្យស្ថានភាពជនភៀសសឹកភូមិចងចាំ​ និងសកម្មភាពបោសសម្អាតសំណល់គ្រាប់យុទ្ធភណ្ឌថៃឈ្លានពាន

អង្គការជប៉ុន OTR ចុះពិនិត្យស្ថានភាពជនភៀសសឹកភូមិចងចាំ​ និងសកម្មភាពបោសសម្អាតសំណល់គ្រាប់យុទ្ធភណ្ឌថៃឈ្លានពាន
ភ្នំពេញ, ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦៖ អង្គការ On the Road (OTR) នៃប្រទេសជប៉ុន ដែលជាអង្គការសកម្មលើការងារការពារបរិស្ថាន និងសន្តិភាព បានដឹកនាំក្រុមការងារជាង ៣០នាក់ មកបំពេញទស្សនកិច្ចសិក្សាស្វែងយល់ពីសកម្មភាពបោសសម្អាតមីន និងការអភិវឌ្ឍក្រោយសង្គ្រាមនៅកម្ពុជា ក្រោមការសម្របសម្រួលពីអង្គភាពស៊ីម៉ាក់ (CMAC)។

នៅក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារ OTR បានចុះពិនិត្យដោយផ្ទាល់នូវទីតាំងជនភៀសសឹកនៅភូមិចងចាំ ដោយបានសិក្សាពីជីវភាព និងប្រវត្តិសាស្ត្ររបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជម្លោះកន្លងមក ចុះពិនិត្យការដ្ឋានបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ និងសំណល់គ្រាប់យុទ្ធភណ្ឌពីសង្គ្រាមនៅតាមតំបន់ព្រំដែន ក៏ដូចជា ចុះផ្ទាល់ទៅដល់មណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់មរតកតេជោ ស្ថិតក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីមើលពីការប្រែភូមិសាស្ត្រចម្ការមីន ឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងកសិកម្ម។

មិនទាន់អស់នៅឡើយទេ ក្រុមការងារអង្គការ On the Road ក៏បានទៅផ្ទាល់ដល់សារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប និងបានទស្សនាការតាំងបង្ហាញយុទ្ធភណ្ឌសង្គ្រាម និងសមិទ្ធផលសន្តិភាពរបស់កម្ពុជាថែមទៀតផង។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា - CMACប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា - CMAC
ចំណុចលេចធ្លោនៃកិច្ចសហប្រតិបត្តិការនេះ គឺអង្គការ OTR បានផ្ដល់ការគាំទ្រយ៉ាងសកម្មលើការបណ្ដុះបណ្ដាលមន្ត្រីជំនាញរបស់អង្គភាពស៊ីម៉ាក់ នៅប្រទេសជប៉ុន។ ការហ្វឹកហ្វឺននេះ ផ្ដោតលើជំនាញបច្ចេកទេសកែច្នៃ «សំណល់សំបកគ្រាប់ និងមីន» ដែលប្រមូលបានពីការបោសសម្អាត ឱ្យក្លាយទៅជា «វត្ថុអនុស្សាវរីយ៍» ប្រកបដោយភាពច្នៃប្រឌិត និងសោភ័ណភាព ដើម្បីដាក់តាំងបង្ហាញ និងលក់ជូនភ្ញៀវទេសចរនៅសារមន្ទីរតេជោសន្តិភាព។

យុទ្ធសាស្ត្រកែច្នៃសំណល់សង្គ្រាមនេះ មិនត្រឹមតែជួយកាត់បន្ថយគ្រោះថ្នាក់ និងការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំប្លែងនិមិត្តរូបនៃសង្គ្រាម និងការឈឺចាប់ ឱ្យទៅជាសារនៃសន្តិភាព និងការចងចាំសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។

គួរបញ្ជាក់ថា អង្គការ On the Road ជប៉ុន គឺជាដៃគូសហប្រតិបត្តិការយូរអង្វែងមួយរបស់ស៊ីម៉ាក់ ដែលតែងតែជួយផ្សព្វផ្សាយពីទុក្ខលំបាករបស់កម្ពុជាបង្កដោយសារមីន និងជួយកៀរគរជំនួយពីប្រជាជនជប៉ុន ដើម្បីចូលរួមចំណែកក្នុងគោលដៅ «កម្ពុជាគ្មានមីនឆ្នាំ២០២៥»៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3