National
• 1 hour ago• Lim_Rothanaksambath
ប្រវត្តិសាស្ត្រថ្មីនៃកិច្ចសហប្រតិបត្តិការយោធាសមុទ្រកម្ពុជា-រុស្ស៊ី ក្រោយនាវា Perekop របស់កងទ័ពជើងទឹករុស្ស៊ី បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ភ្នំពេញ, ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦៖ នាវាបណ្ដុះបណ្ដាល «Perekop» នៃកងនាវា Baltic របស់កងទ័ពជើងទឹករុស្ស៊ី បានចូលចតធ្វើទស្សនកិច្ចមិនផ្លូវការរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ទស្សនកិច្ចនេះត្រូវបានធ្វើឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំងពីរ ព្រមទាំងចូលរួមអបអរសាទរខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី។
នាវាយោធាដ៏ធំដែលមានប្រវែង ១៣៨ ម៉ែត្រ និងទទឹង ១៨ ម៉ែត្រនេះ បានដឹកនាំប្រតិភូ និងនាយនាវិកសរុបប្រមាណ ៣៩១ នាក់ រួមមាន៖ នាយនាវិក ១៤៥ នាក់ និងសិក្ខាកាមយោធា ១៧១ នាក់។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនៅឯផែចត មានការចូលរួមស្វាគមន៍យ៉ាងកក់ក្តៅពីតំណាងកងទ័ពជើងទឹកភូមិន្ទកម្ពុជា ដឹកនាំដោយ ឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ព្រមទាំង H.E. Mr. Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។
ថ្លែងនៅក្នុងពិធីស្វាគមន៍ Mr. Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា «នៅក្នុងឆ្នាំនេះ នាវា “Perekop” កំពុងបំពេញបេសកកម្មនាវាចរណ៍ផ្លូវឆ្ងាយមួយទៀត ដែលជាឱកាសដ៏ប្រពៃបំផុតសម្រាប់សិក្ខាកាមនៅលើនាវា ក្នុងការក្រសោបយកបទពិសោធន៍សមុទ្រមិនអាចកាត់ថ្លៃបានតាមតំបន់ភូមិសាស្ត្រផ្សេងៗ ពង្រីកចំណេះដឹង និងពង្រឹងជំនាញរៀបចំទិសដៅធ្វើដំណើរបន្ថែមទៀត»។
ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់លើចំណុចប្រវត្តិសាស្ត្រមួយថា នេះជាលើកទីមួយនៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ដែលពលរដ្ឋ និងសិក្ខាកាមកម្ពុជាបានចូលរួមធ្វើការហ្វឹកហ្វឺនអនុវត្តជាក់ស្តែងនៅលើនាវាចរណ៍ផ្លូវឆ្ងាយនេះផ្ទាល់។
ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល ២ថ្ងៃនេះ លោកឧត្តមនាវីត្រី Vyacheslav Sytnik (នាយបេសកកម្ម) និងលោកវរនាវីទោ Andrey Skorokhodov (មេបញ្ជាការនាវា Perekop) បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស៊ីវិល និងយោធានៃព្រះរាជាណាចក្រកម្ពុជា រួមមានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ អភិបាលខេត្តព្រះសីហនុ និងមេបញ្ជាការមូលដ្ឋានសមុទ្ររាម។
ក្រៅពីជំនួបពិធីការ ក្រុមគ្រូបង្ហាត់បង្រៀនជំនាញមកពីនាវា «Perekop» ក៏បានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសខ្លីមួយជូនដល់បុគ្គលិកកងទ័ពជើងទឹកភូមិន្ទកម្ពុជា លើជំនាញសុវត្ថិភាព សមត្ថភាពធន់រស់រានរបស់នាវាក្នុងស្ថានភាពអាសន្ន (Ship survivability) និងជំនាញសង្គ្រោះបឋម (First aid) ផងដែរ។
បន្ថែមពីលើនេះ ក្រុមនាវិក និងសិក្ខាកាមរុស្ស៊ី បានធ្វើដំណើរទស្សនាប្រភពទេសចរណ៍នានាក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ព្រមទាំងបានប្រកួតបាល់ទាត់មិត្តភាពជាមួយកងទ័ពជើងទឹកកម្ពុជា យ៉ាងស្និទ្ធស្នាល។ ទន្ទឹមនឹងនោះ នាវាក៏បានបើកទ្វារទទួលស្វាគមន៍សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ មកពីសាលាស្ថានទូតរុស្ស៊ី ព្រមទាំងយោធិននៃកងយោធពលខេមរភូមិន្ទ ឡើងទស្សនាសិក្សាឈ្វេងយល់ផ្ទាល់នៅលើនាវាផងដែរ។
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីពិធីជម្រាបលាត្រូវបានបញ្ចប់ នាវាបណ្ដុះបណ្ដាល «Perekop» បានចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបន្តបេសកកម្មនាវាចរណ៍របស់ខ្លួនទៅកាន់តំបន់ផ្សេងទៀត។

គួររំឭកផងដែរថា នាវា «Perekop» ធ្លាប់បានចូលចតនៅកម្ពុជាលើកចុងក្រោយកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ហើយការវិលត្រឡប់មកវិញនាពេលនេះ គឺជាការបង្ហាញពីការរីកចម្រើនឥតឈប់ឈរនៃកិច្ចសហប្រតិបត្តិការការពារជាតិ និងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងរុស្ស៊ី៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



