National

1 hour agoLim_Rothanaksambath

ក្រសួងអប់រំ បើកវេទិកាសាធារណៈបង្ហាញថវិកាអប់រំឆ្នាំ២០២៦ ជាង ៤.១ ទ្រីលានរៀល និងផ្សព្វផ្សាយលទ្ធផលតេស្ត PISA 2025

ក្រសួងអប់រំ បើកវេទិកាសាធារណៈបង្ហាញថវិកាអប់រំឆ្នាំ២០២៦ ជាង ៤.១ ទ្រីលានរៀល និងផ្សព្វផ្សាយលទ្ធផលតេស្ត PISA 2025
ភ្នំពេញ, ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវេទិកាសាធារណៈស្តីពី «ថវិកាអប់រំប្រចាំឆ្នាំ២០២៦» និងពិធីផ្សព្វផ្សាយជាផ្លូវការ «របាយការណ៍នៃកម្មវិធីអន្តរជាតិស្តីពី រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស ឆ្នាំ២០២៥ របស់ប្រទេសកម្ពុជា (PISA 2025 for Cambodia)» កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ។

ព្រឹត្តិការណ៍ដ៏សំខាន់ទាំងពីរនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានអ្នកចូលរួមដោយផ្ទាល់ប្រមាណ ៣០០ នាក់ (រួមមានថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ ដៃគូអភិវឌ្ឍន៍ តំណាងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន អ្នកស្រាវជ្រាវ និងអ្នកសារព័ត៌មាន) ព្រមទាំងអ្នកចូលរួមតាមប្រព័ន្ធអនឡាញប្រមាណ ៤.០០០ នាក់បន្ថែមទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មាន កញ្ចប់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០២៦ មានសរុបប្រមាណ ៤ ១៣០,៨ ប៊ីលានរៀល (ស្មើនឹងប្រមាណ ១៦,៨% នៃចំណាយចរន្តថ្នាក់ជាតិ)។ ក្នុងនោះ បន្ទុកបុគ្គលិក (៧៩,៥%)៖ ប្រើប្រាស់សម្រាប់ប្រាក់បៀវត្ស និងការគាំទ្រមន្ត្រី-បុគ្គលិកអប់រំ រីឯក្រៅបន្ទុកបុគ្គលិក (២០,៥%)៖ ផ្តោតលើកម្មវិធីអាទិភាព ដូចជា មូលនិធិដំណើរការសាលារៀន អាហារូបករណ៍សិស្សក្រីក្រ កម្មវិធីអាហារតាមសាលារៀន ការគាំទ្រមត្តេយ្យសិក្សាសហគមន៍ ការជួសជុលហេដ្ឋារចនាសម្ព័ន្ធអប់រំ ការអភិវឌ្ឍយុវជន និងវិស័យកីឡា។

ទន្ទឹមនឹងនេះ ក្រសួងបានផ្ទេរថវិកាប្រមាណ ១ ៨៥៨,៤ ប៊ីលានរៀល (ស្មើនឹង ៣៩,៧% នៃឥណទានចំណាយចរន្តសរុប) ទៅកាន់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដើម្បីពង្រឹងការផ្តល់សេវាអប់រំនៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ លើសពីនេះ ក្រសួងបានបង្កើនគណនេយ្យភាពតាមរយៈការអនុវត្ត «កិច្ចព្រមព្រៀងសមិទ្ធកម្ម» ចំនួន ៣កម្រិត (កម្រិតក្រសួងជាមួយក្រសួងសេដ្ឋកិច្ច, កម្រិតប្រធានកម្មវិធីជាមួយរដ្ឋមន្ត្រី និងកម្រិតអនុកម្មវិធី)។


កម្ពុជាបានចូលរួមក្នុងកម្មវិធីអន្តរជាតិស្តីពី រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA) វដ្តទី១ នៅឆ្នាំ២០២២ (ក្នុងចំណោម ៨១ ប្រទេស) និងវដ្តទី២ នៅឆ្នាំ២០២៥ (ក្នុងចំណោម ៩១ ប្រទេស)។

របាយការណ៍ PISA 2025 បានបង្ហាញពីសមត្ថភាពពិតរបស់សិស្សកម្ពុជាអាយុ ១៥ឆ្នាំ លើផ្នែកអាទិភាពចំនួន៣ គឺ អំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ ធៀបនឹងស្តង់ដារអន្តរជាតិ។ ក្រសួងបានបញ្ជាក់ថា គោលបំណងនៃការធ្វើតេស្តនេះ មិនមែនដើម្បីប្រកួតប្រជែង ឬប្រៀបធៀបចំណាត់ថ្នាក់ជាមួយប្រទេសដទៃនោះទេ ប៉ុន្តែគឺដើម្បីឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃកំណែទម្រង់អប់រំ និងការត្រៀមខ្លួនរបស់សិស្សកម្ពុជាសម្រាប់អនាគត។

ក្រសួងអប់រំ យុវជន និងកីឡា បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការយកទិន្នន័យ និងភស្តុតាងជាក់ស្តែងពី PISA 2025 មកធ្វើជាមូលដ្ឋានក្នុងការកែលម្អគោលនយោបាយ យុទ្ធសាស្ត្រ កម្មវិធីសិក្សា ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងអភិបាលកិច្ចតាមសាលារៀន ដើម្បីលើកកម្ពស់គុណភាពមូលធនមនុស្សកម្ពុជាប្រកបដោយចីរភាព៕



រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2