National

2 hours agoLim_Rothanaksambath

ក្រសួងសុខាភិបាល សហការ PSI និងដៃគូអន្តរជាតិ ចែករំលែកបទពិសោធន៍ការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ១ ឱ្យមានប្រសិទ្ធភាព

ក្រសួងសុខាភិបាល សហការ PSI និងដៃគូអន្តរជាតិ ចែករំលែកបទពិសោធន៍ការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ១ ឱ្យមានប្រសិទ្ធភាព


ភ្នំពេញ, ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦៖ ក្នុងគោលបំណងបង្កើនការយល់ដឹង និងចែករំលែកបទពិសោធន៍អំពីការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ១ (Type 1 Diabetes) ឱ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក «កម្មវិធីបោះជំរុំជំងឺទឹកនោមផ្អែមប្រភេទ១» កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តកែប។

កម្មវិធីបោះជំរុំដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២៦ រៀបចំឡើងដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់នាយកដ្ឋានការពារសុខភាព ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យជ័យវរ្ម័នទី៧ អង្គការ PSI Cambodia និងអង្គការ Action for Diabetes (A4D) ព្រមទាំងអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ អាយុពី ១៣ ដល់ ២០ឆ្នាំ និងអាណាព្យាបាល សរុបចំនួន ៧៥នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ង៉ូវ កាង បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ PSI និងអង្គការដៃគូនានា ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់កម្មវិធីជំងឺទឹកនោមផ្អែមប្រភេទ១ ទាំងលើការអប់រំសុខភាព ការឧបត្ថម្ភគាំទ្រការព្យាបាលនៅតាមមន្ទីរពេទ្យជាតិ និងការរៀបចំសកម្មភាពផ្សេងៗក្នុងសហគមន៍។

ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យអង្គការ PSI អង្គការដៃគូពាក់ព័ន្ធ និងនាយកដ្ឋានការពារសុខភាព បន្តខិតខំរៀបចំសកម្មភាពអប់រំសុខភាព និងសកម្មភាពរាងកាយឱ្យបានកាន់តែច្រើន ដើម្បីពង្រីកចំណេះដឹងដល់សហគមន៍បន្ថែមទៀត។

ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រងជំងឺ និងលើកកម្ពស់គុណភាពជីវិតរបស់អ្នកជំងឺ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍ណែនាំ និងផ្ដាំផ្ញើនូវចំណុចសំខាន់ៗចំនួន ៥ រួមមាន៖

1. ចំពោះថ្នាក់ដឹកនាំនាយកដ្ឋាន និងក្រុមគ្រូពេទ្យ៖ ក្រៅពីការព្យាបាលដោយឱសថបានទៀងទាត់ និងត្រឹមត្រូវ ត្រូវយកចិត្តទុកដាក់អប់រំណែនាំអំពីរបៀបរបបរស់នៅ និងការបរិភោគអាហារដែលមានសុវត្ថិភាព ដែលជាគន្លឹះសំខាន់ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមទាំងប្រភេទ១ និងប្រភេទ២ ឱ្យបានល្អប្រសើរ។
2. ចំពោះអាណាព្យាបាល៖ ត្រូវចូលរួម និងលើកទឹកចិត្តកុមារាកុមារីដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ ឱ្យរស់នៅក្នុងស្ថានភាពដូចកុមារទូទៅ ដោយមិនមានសម្ពាធទាំងលើការធ្វើសកម្មភាពរាងកាយ និងការរស់នៅប្រចាំថ្ងៃ។ ចំពោះការហូបចុក គឺគ្រាន់តែតម្រូវឱ្យមានលក្ខណៈសមស្របតាមការណែនាំរបស់គ្រូពេទ្យប៉ុណ្ណោះ។
3. ចំពោះយុវជននិងកុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទ១៖ ត្រូវខិតខំស្តាប់ និងអនុវត្តតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឱ្យបានត្រឹមត្រូវ ទាំងការប្រើប្រាស់ឱសថអាំងស៊ុយលីន (Insulin) និងការទទួលទានអាហារដែលមានសុវត្ថិភាព និងប្រភពច្បាស់លាស់។ មិនត្រូវចាត់ទុកខ្លួនឯងជាអ្នករងសម្ពាធ រហូតធ្វើឱ្យធ្លាក់ទឹកចិត្តនោះឡើយ ព្រោះវាអាចធ្វើឱ្យជំងឺវិវត្តន៍ទៅជាពិបាកគ្រប់គ្រង ឬបង្កជាផលវិបាកផ្សេងៗ។
4. ការថែរក្សាសុខភាពផ្លូវចិត្ត និងសកម្មភាពរាងកាយ៖ ការរស់នៅប្រចាំថ្ងៃត្រូវធ្វើសកម្មភាពរាងកាយឱ្យបានទៀងទាត់ មានភាពរស់រវើកក្នុងការសិក្សា និងការងារគ្រួសារដូចកុមារទូទៅ។ នេះជាគន្លឹះការពារកុំឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងមិនត្រូវចាត់ទុកខ្លួនឯងជាអ្នកជំងឺដែលពិបាកព្យាបាលឡើយ ព្រោះជំងឺនេះអាចគ្រប់គ្រង និងព្យាបាលបាន ដោយគ្រាន់តែអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងអាណាព្យាបាល។
5. ចំពោះសាធារណជន៖ ត្រូវស្វែងយល់ និងទទួលព័ត៌មានសុខភាពពីប្រភពច្បាស់លាស់ ដែលមានលក្ខណៈវេជ្ជសាស្ត្រត្រឹមត្រូវពីគ្រូពេទ្យជំនាញដែលមានការទទួលស្គាល់ ដោយត្រូវចៀសវាងការជឿ ឬអនុវត្តតាមការប្រាប់តៗគ្នា ដែលអាចប៉ះពាល់ដល់លទ្ធផលព្យាបាល ឬបង្កគ្រោះថ្នាក់ជាយថាហេតុ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
Photo: Ministry of Health
Photo: Ministry of Health