The Khmer Daily Network Logo

National

1 week agoLim_Rothanaksambath

គម្រោង Pub Street ថ្មីទើបចាប់ផ្ដើម រដ្ឋបាលបាត់ដំបង ងាកមកជំរុញទីផ្សារកសិផលខ្មែរឱ្យទូលាយ

គម្រោង Pub Street ថ្មីទើបចាប់ផ្ដើម រដ្ឋបាលបាត់ដំបង ងាកមកជំរុញទីផ្សារកសិផលខ្មែរឱ្យទូលាយ
ភ្នំពេញ, ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦៖ ស្របគ្នាជាមួយគម្រោងបង្កើត Pub Street ថ្មី ដែលប៉ុន្មានថ្ងៃមុន ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ទើបតែបានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងតំបន់ផ្ទះអភិរក្ស ក្នុងក្រុងបាត់ដំបង ត្រៀមរៀបចំដំឡើងភ្លើងសូឡាសម្រាប់បំភ្លឺពេលយប់ កែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងរៀបចំសណ្ដាប់ធ្នាប់ជុំវិញតំបន់នេះឱ្យកាន់តែមានសោភ័ណភាព ស្រាប់តែពេលនេះ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសត្រៀមរៀបចំព្រឹត្តិការណ៍ដ៏ធំមួយទៀត ដើម្បីជំរុញទីផ្សារកសិផលខ្មែរឱ្យកាន់តែទូលំទូលាយ។


តួយ៉ាង កាលពីថ្ងៃទី២៣ ខែមិថុនា ម្សិលមិញ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីត្រៀមរៀបចំ ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង និងបានសម្រេចរៀបចំព្រឹត្តិការណ៍ផ្លែឈើ រយៈពេល ១០ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១០-១៩ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។


ព្រឹត្តិការណ៍ផ្លែឈើឆ្នាំ២០២៦នេះ នឹងរៀបចំឡើងឱ្យមានលក្ខណៈប្លែក អធិកអធម និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរៀបចំឱ្យមានជាការដង្ហែក្បួនផ្លែឈើបើកព្រឹត្តិការណ៍ និងប៊ូហ្វេទុរេនរយៈពេល ៣ថ្ងៃ ដើម្បីឱ្យអ្នកចូលរួមបានភ្លក្សរសជាតិទុរេនដ៏ឆ្ងាញ់របស់ទុរេនបាត់ដំបង។


KDN រូបភាព៖ ទំព័រហ្វេសប៊ុក សុខ លូ-Sok LouKDN រូបភាព៖ ទំព័រហ្វេសប៊ុក សុខ លូ-Sok Lou
ឯកឧត្តម គូសបញ្ជាក់ថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ផ្លែឈើ គឺដើម្បីចង់បង្ហាញឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍មកលើផ្លែឈើបាត់ដំបង បង្កលក្ខណៈឱ្យបងប្អូនប្រជាកសិករជាអ្នកដាំដំណាំផ្លែឈើនៅក្នុងខេត្តបាននាំយកផលិតផលរបស់ខ្លួនមកតាំងលក់ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានភ្លក្សរសជាតិដ៏ឆ្ងាញ់នៃផ្លែឈើដែលដាំដុះដោយកសិករក្នុងស្រុក និងទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តបាត់ដំបង។


ឯកឧត្តមអភិបាលខេត្ត បង្ហាញក្ដីរំពឹងទុកថា ព្រឹត្តិការណ៍ផ្លែឈើឆ្នាំនេះនឹងមានអ្នកចូលរួមយ៉ាងច្រើនកុះករ និងបានណែនាំដល់រដ្ឋបាលក្រុង ស្រុកទាំង ១៤ ឱ្យនាំយកនូវផ្លែឈើដែលមានសក្ដានុពលប្រចាំតំបន់របស់ខ្លួនមកដាក់តាំងបង្ហាញ និងលក់ជូនភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា និងកម្សាន្ត។

ទន្ទឹមនឹងការប្រកាសត្រៀមរៀបចំព្រឹត្តិការណ៍ និងកម្មវិធីផ្សេងៗ ដើម្បីបង្ហាញពីសក្កានុពលរបស់ខេត្តបាត់ដំបង បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ និងអ្នកធ្វើដំណើរឆ្លងកាត់ខេត្តបាត់ដំបង ក៏បានលើកឡើងពីក្តីកង្វល់ចំពោះបញ្ហាការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ផ្លូវថ្នល់ក្នុងក្រុងបាត់ដំបងតែម្តង ដែលបង្កផលលំបាកយ៉ាងខ្លាំងក្លាដល់ការធ្វើដំណើរ និងការប្រកបរបររកស៊ីរបស់បងប្អូនប្រជាពលរដ្ឋ។ ខណៈបាត់ដំបង ជាខេត្តមាន​វិសាលភាព​ផ្ទៃដីធំ មាន​ភោគសម្បត្តិ​ធម្មជាតិ​ និង​សំណល់​វប្បធម៌​បុរាណ​ជា​ច្រើន ជា​សក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ចង់មកទស្សនា ប៉ុន្តែបែរជាមិនសូវទាក់ទាញភ្ញៀវទេសចរណ៍ដូចមុន ដោយសារបញ្ហាផ្លូវថ្នល់ខូចខាត និងហ៊ុយយ៉ាងដំណំនៅក្នុងក្រុង និងខេត្តបាត់ដំបង៕

រាយការណ៍ដោយ The Khmer Daily Network