National
• 4 hours ago• Lim_Rothanaksambath
ពីវប្បធម៌ចាំគាស់ឈ្នះ និងចាំទម្លាក់ QR ទៅជាការកសាងកម្លាំងពិត

ប៉ុន្មានថ្ងៃនេះ មានរឿងច្រើន តែមានមួយក្នុងផ្ទះ ដែលត្រូវគិត! ថ្ងៃនេះជាថ្ងៃចុងក្រោយ បន្ទាប់ពីមានសេចក្ដីណែនាំហាមឃាត់ការផ្ដល់រង្វាន់លើក្រវិលកំប៉ុង ឬគម្របដប។ អស់ជាច្រើនឆ្នាំមកនេះ ការផ្សាយពាណិជ្ជកម្មល្បួងចិត្តដោយរង្វាន់រថយន្ត ម៉ូតូ និងលុយសុទ្ធ បានចាក់ស្រេះចូលជ្រៅក្នុងផ្នត់គំនិតពលរដ្ឋរហូតក្លាយជាទម្លាប់ "ផឹកដើម្បីផ្សងសំណាង"។ តើការគ្រាន់តែបញ្ឈប់រង្វាន់លើកំប៉ុងស្រាបៀរ អាចទប់ស្កាត់ការសេពសុរារបស់យុវជនមួយចំនួនបានពិតប្រាកដ? តើសង្គមជាតិមួយអាចរីកចម្រើនរឹងមាំទៅមុខដោយរបៀបណា ប្រសិនបើយុវជនមួយចំនួនដែលជាគ្រឹះជាតិ បែរជាចំណាយពេលវេលារង់ចាំតែ “គាស់ឈ្នះ” ផឹកហួសប្រមាណ ឬចាំ “ទម្លាក់ QR Code ដើម្បីចាំជំនួយ” ពីអ្នកជំនួញអនឡាញ? សូមពិចារណាខាងក្រោម!
ទី១- ជំនួសឱ្យការចំណាយពេលរៀនសូត្រ បង្កើនជំនាញ ឬធ្វើការងារឱ្យខ្លាំងពូកែ យុវជន និងក្មេងជំទង់ខ្លះ បែរជានាំគ្នាក្រេបគ្រឿងស្រវឹងតាំងពីព្រលប់ទល់ភ្លឺ ដោយមានក្ដីសង្ឃឹមខ្យល់ថា ក្រវិលកំប៉ុងបន្ទាប់នឹងជួយឱ្យជីវិតពួកគេប្រសើរឡើងត្រឹមមួយប៉ព្រិចភ្នែក។ ក្នុងនោះ ទំនោរនៃការខមមិនទម្លាក់ QR Code ដើម្បីសុំជំនួយពីអ្នកលក់អនឡាញ ផ្សងសំណាង កំពុងតែដកស្មារតីម្ចាស់ការ និងការតស៊ូព្យាយាមរបស់យុវវ័យ។

ទី២- ប្រទេសមួយមិនអាចពង្រឹងសេដ្ឋកិច្ច ឬប្រកួតប្រជែងលើឆាកអន្តរជាតិបានឡើយ ប្រសិនបើធនធានមនុស្សជំនាន់ក្រោយស្រវឹងជោកជាំដោយជាតិអាកុល និងរង់ចាំតែភាពមានបានចេញពីការចាប់ឆ្នោតផ្សងសំណាង។ ភាពខ្លាំងរបស់ជាតិនាពេលអនាគត ទាមទារកម្លាំងញើសឈាម បញ្ញាញាណ និងការច្នៃប្រឌិត មិនមែនកើតចេញពីពពុះស្រាបៀរ ឬការដើរសុំរហូតនោះឡើយ។
ទី៣- តាមរបាយការណ៍ស្រាវជ្រាវស្តីពី ការប្រយុទ្ធប្រឆាំងការទទួលទានគ្រឿងស្រវឹងដែលបង្កគ្រោះថ្នាក់នៅកម្ពុជា របស់វិទ្យាស្ថានគោលនយោបាយសាធារណៈអាស៊ីអាគ្នេយ៍ (SEAPPI) សហការជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានលាតត្រដាងថា៖
• ៨៦% នៃអ្នកឆ្លើយតបទទួលទានគ្រឿងស្រវឹង ហើយ ១៣% បានចាប់ផ្តើមផឹកតាំងពីមិនទាន់គ្រប់អាយុ ១៨ ឆ្នាំ។
• ២៦% នៃមនុស្សពេញវ័យផឹកក្នុងកម្រិតលើសលុប (Binge drinking) ហើយបុរសផឹក ជាមធ្យមរហូតដល់ ៥០ ក្រាម នៃជាតិអាកុលសុទ្ធក្នុងមួយលើក (ស្មើនឹង ៥ កែវស្តង់ដារ)។
• អ្វីដែលគ្រោះថ្នាក់បំផុតនោះគឺ មនុស្សជាង ៦០% យល់ច្រឡំថា ស្រាបៀរមានសុវត្ថិភាពជាងគ្រឿងស្រវឹងដទៃ ខណៈដែលស្រាបៀរមានចំណែករហូតដល់ ៩៦% នៃការប្រើប្រាស់គ្រឿងស្រវឹងសរុបនៅកម្ពុជា។
ការភ័ន្តច្រឡំនេះ បូករួមនឹងយុទ្ធសាស្ត្រលក់ភ្ជាប់រង្វាន់នាពេលកន្លងមក បានរុញច្រានឱ្យមនុស្ស ៣៧% ធ្លាក់ចូលទៅក្នុងស្ថានភាពប្រឈមហានិភ័យមធ្យម និងខ្ពស់ ចំពោះបញ្ហាសុខភាព អំពើហិង្សា និងគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើនឡើងទ្វេដងតាំងពីឆ្នាំ ២០០០ មកម្ល៉េះ។
ការហាមឃាត់ការផ្តល់រង្វាន់តាមកំប៉ុង គឺជាការវះកាត់មួយផ្នែកនៃបញ្ហា ខណៈដែលអ្នកវិភាគខ្លះយល់ថា «កម្ពុជាមានសេរីភាពច្រើន» សម្រាប់ការលក់ និងសេពគ្រឿងស្រវឹង។ កម្ពុជាស្ថិតក្នុងចំណោមប្រទេសតិចតួចបំផុតនៅអាស៊ី ដែលមិនទាន់មានច្បាប់កំណត់អាយុអប្បបរមាក្នុងការទិញគ្រឿងស្រវឹង (MLPA) ដែលជាហេតុធ្វើឱ្យក្មេងជំទង់អាចទិញស្រាបៀរផឹកបានយ៉ាងងាយស្រួលដូចទិញទឹកសុទ្ធ។
ដូចដែលលោក Ed Ratcliffe នាយកប្រតិបត្តិ SEAPPI បានលើកឡើង កម្ពុជាកំពុងប្រឈមមុខនឹងទាំងបញ្ហា និងឱកាស។ កម្ពុជាត្រូវការជាបន្ទាន់នូវការអនុម័តច្បាប់កំណត់អាយុទិញគ្រឿងស្រវឹង (យ៉ាងហោចណាស់ ១៨ ឆ្នាំឡើង) ការរឹតបន្តឹងការអនុវត្តច្បាប់ត្រួតពិនិត្យជាតិស្រវឹងពេលបើកបរ និងការដាក់ចេញនូវសេចក្តីណែនាំជាតិស្តីពីកម្រិតផឹកសមល្មម។
ស្របគ្នានេះដែរ បណ្ឌិត ឆេង គីមឡុង នាយកវិទ្យាស្ថាន AVI បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការសេពគ្រឿងស្រវឹងជ្រុលហួសហេតុ ពុំត្រឹមតែជាបញ្ហាសុខភាពបុគ្គលនោះទេ តែវាជាបញ្ហាប្រឈមរបស់សង្គមទាំងមូល ដែលកំពុងស៊ីរូងបំផ្លាញសុខុមាលភាពយុវជន និងជាពិសេសគឺ ផលិតភាពសេដ្ឋកិច្ចជាតិ។
យុវជនដែលខ្លាំង គឺជាយុវជនដែលមានស្មារតីភ្លឺស្វាង កាយសម្បទារឹងមាំ និងមានមហិច្ឆតាកសាងជីវិតដោយកម្លាំងញើសឈាម និងចំណេះដឹង។ អនាគតនៃប្រទេសជាតិ មិនអាចផ្ញើលើ ក្រវិលកំប៉ុង បានជាដាច់ខាត។ ពឹងលើកម្លាំងពិត!
ចូលរួមបំពេញកាតព្វកិច្ចយោធា! សាមគ្គីជាកូនសោ!
ពីសារព័ត៌មាន៖ The Khmer Daily Network
