The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

ចាប់ពីឆ្នាំ២០២៦ សញ្ញាបត្រពុទ្ធិកសិក្សា នឹងត្រូវដាក់បញ្ចូល QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមរយៈ verify.gov.kh

ចាប់ពីឆ្នាំ២០២៦ សញ្ញាបត្រពុទ្ធិកសិក្សា នឹងត្រូវដាក់បញ្ចូល QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមរយៈ verify.gov.kh
ភ្នំពេញ, ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦៖ ក្នុងជំហានថ្មីមួយនៃបរិវត្តកម្មឌីជីថលក្នុងវិស័យសាសនា ក្រសួងធម្មការនិងសាសនា សហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសម្រេចដាក់ឱ្យប្រើប្រាស់នូវវិញ្ញាបនបត្រ និងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងពុទ្ធិកបឋមសិក្សា និងពុទ្ធិកមធ្យមសិក្សាដែលមានភ្ជាប់នូវ «QR Code ស្តង់ដា» ចាប់ពីឆ្នាំ២០២៦ តទៅ។

យោងតាមប្រកាសអន្តរក្រសួង ស្តីពី ការដាក់ឱ្យប្រើវិញ្ញាបនបត្រដែលពាក់ព័ន្ធនឹងការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សានិងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សា ចាប់ពីឆ្នាំ២០២៦ ដែលមានដាក់ QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលទំព័រហ្វេសប៊ុក ក្រសួងធម្មការ និងសាសនា បានបង្ហោះកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា រាល់វិញ្ញាបនបត្រ និងសញ្ញាបត្រពុទ្ធិកសិក្សាគំរូថ្មី ចាប់ពីឆ្នាំ២០២៦ នឹងត្រូវបំពាក់ QR Code ស្តង់ដា ដែលអនុញ្ញាតឱ្យសាធារណជន គ្រឹះស្ថានសិក្សា និងអង្គភាពពាក់ព័ន្ធ អាចផ្ទៀងផ្ទាត់អំពី «យថាភូតភាព (ភាពពិតប្រាកដ) បូរណភាព និងសុពលភាព» នៃឯកសារបានយ៉ាងរហ័ស តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh។

ចំណុចពិសេសបំផុតនៃប្រកាសនេះ គឺនៅក្នុងប្រការ៤ ដែលបានចែងថា សមណសិស្ស និងសិស្ស អាចប្រើប្រាស់សញ្ញាបត្រដែលមាន QR Code នេះ ដើម្បីផ្ទៀងផ្ទាត់តាមប្រព័ន្ធឌីជីថល ដោយពុំតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម (Legalization) លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ ការណ៍នេះនឹងជួយកាត់បន្ថយការចំណាយ និងពេលវេលារបស់សមណសិស្ស-សិស្ស ក្នុងការរត់ឯកសារបញ្ជាក់ពីសាលាក្រុង-ស្រុក ដូចពេលមុន។

សញ្ញាបត្រដែលមានដាក់ QR Code ស្តង់ដានេះ មានតម្លៃគតិយុត្តស្មើនឹងវិញ្ញាបនបត្រ និងសញ្ញាបត្រជាក្រដាសធម្មតា ដែលប្រើប្រាស់កន្លងមកដែរ។ ការអនុវត្តនេះ គឺជាផ្នែកមួយនៃការសម្រេចឱ្យបាននូវ «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥» ដើម្បីធ្វើទំនើបកម្មសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងងាយស្រួល។

គួរបញ្ជាក់ផងដែរថា ការងារបច្ចេកទេសនេះ នឹងត្រូវធ្វើឡើងដោយកិច្ចសហការរវាងអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការ និងអង្គភាពជំនាញនៃក្រសួងប្រៃសណីយ៍ ដើម្បីធានាថាប្រព័ន្ធនេះដំណើរការដោយរលូនសម្រាប់សមណសិស្ស និងសិស្សទូទាំងប្រទេស។
អ្នកនាំពាក្យនៃក្រសួងពាក់ព័ន្ធបានចាត់ទុកថា នេះជាសមិទ្ធផលថ្មីមួយទៀតដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការបញ្ជ្រាបបច្ចេកវិទ្យាទៅគ្រប់វិស័យ រួមទាំងវិស័យពុទ្ធិកសិក្សាផងដែរ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3