National

• 2 hours ago• Lim_Rothanaksambath

ក្រុមលេខាធិការ RBC កម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកជាំ-សាង៊ាំ ក្រោមការសង្កេតផ្ទាល់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)

ក្រុមលេខាធិការ RBC កម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកជាំ-សាង៊ាំ ក្រោមការសង្កេតផ្ទាល់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)


ភ្នំពេញ, ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) មកពីយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានបើកកិច្ចប្រជុំក្រៅផ្លូវការមួយ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព និងដោះស្រាយបញ្ហាប្រឈមនានាឆ្ពោះទៅកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅវេលាម៉ោង ១១:០០ នាទីព្រឹក តបតាមការអញ្ជើញរបស់ក្រុមលេខាធិការ RBC ភាគីកម្ពុជា។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានលេខាធិការ RBC ភាគីកម្ពុជា ខណៈគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាត វ៉ាផាន់ស៊ុ (Kampanat Vapansu) ប្រធានលេខាធិការ RBC ភាគីថៃ។ កិច្ចប្រជុំនេះក៏មានការចូលរួមសង្កេតការណ៍ផ្ទាល់ពី ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំភាគីទាំងពីរផងដែរ។

Photo: ក្រសួងការពារជាតិ-Ministry of National DefencePhoto: ក្រសួងការពារជាតិ-Ministry of National Defence
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅក្នុងជំនួបក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងលម្អិតលើការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃ សេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ ការពិភាក្សានេះបានផ្តោតជាសំខាន់លើការងារសម្របសម្រួលប្រតិបត្តិការផ្ទាល់ដី និងការដោះស្រាយបញ្ហាក្នុងតំបន់ព្រំដែន ដើម្បីឈានទៅកសាងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក។

Photo: ក្រសួងការពារជាតិ-Ministry of National DefencePhoto: ក្រសួងការពារជាតិ-Ministry of National Defence
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ជាថ្មីអំពីជំហររបស់ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា ដោយបានអះអាងពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ និងសុចរិត ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និង កិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័សនូវទំនាក់ទំនងទ្វេភាគី និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែងតាមបណ្តោយព្រំដែន៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3