National

• 2 hours ago• Lim_Rothanaksambath

RUPP ត្រៀមកសាងរូបចម្លាក់អ្នកប្រាជ្ញខ្មែរ ៩ រូប ជំរុញការសិក្សាស្រាវជ្រាវ និងការចងចាំសម្រាប់កូនខ្មែរជំនាន់ក្រោយ

RUPP ត្រៀមកសាងរូបចម្លាក់អ្នកប្រាជ្ញខ្មែរ ៩ រូប ជំរុញការសិក្សាស្រាវជ្រាវ និងការចងចាំសម្រាប់កូនខ្មែរជំនាន់ក្រោយ



ភ្នំពេញ, ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដែលជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំណាស់ជាងគេ និងធំជាងគេនៅកម្ពុជា បាននិងកំពុងដំណើរការគម្រោងស្រាវជ្រាវ និងចងក្រងប្រវត្តិរូប រួមទាំងស្នាដៃរបស់អ្នកប្រាជ្ញខ្មែរចំនួន ៩ រូប ក្នុងគោលបំណងអភិរក្ស និងលើកតម្កើងកេរដំណែលដ៏ឧត្ដុង្គឧត្ដមនៃបញ្ញវន្តខ្មែរឱ្យគង់វង្ស។

ក្នុងចំណោមអ្នកប្រាជ្ញខ្មែរទាំង ៩ រូបនោះ រួមមាន ព្រាហ្មណ៍ទិវាករបណ្ឌិត និង ព្រាហ្មណ៍សិវសោម ដែលជាមហាប្រាជ្ញ និងជាព្រះរាជគ្រូដ៏មានឥទ្ធិពលក្នុងប្រវត្តិសាស្ត្រខ្មែរសម័យអង្គរ។ ការចងក្រងនេះ មិនត្រឹមតែផ្តោតលើជីវប្រវត្តិ និងស្នាដៃខាងផ្នែកអក្សរសាស្ត្រ សាសនា និងរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការប្រមូលផ្តុំឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់វិស័យអប់រំជាតិ។

ប្រភពពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងបន្ថែមថា បន្ទាប់ពីការសិក្សាស្រាវជ្រាវ និងចងក្រងត្រូវបានបញ្ចប់ សាកលវិទ្យាល័យនឹងរៀបចំ កសាងរូបចម្លាក់របស់អ្នកប្រាជ្ញទាំង ៩ រូប ដើម្បីដាក់តាំងបង្ហាញនៅតាមទីតាំងសមស្របនានា នៅក្នុងបរិវេណសាកលវិទ្យាល័យ។

Photo: RUPP - Royal University of Phnom PenhPhoto: RUPP - Royal University of Phnom Penh
គម្រោងនេះធ្វើឡើងក្នុងគោលបំណង រំលឹកដល់គុណូបការៈ និងស្នាដៃដ៏ស្ដុកស្ដម្ភរបស់អ្នកប្រាជ្ញខ្មែរក្នុងអតីតកាល, ជំរុញស្មារតីសិក្សាស្រាវជ្រាវ ដល់សមណៈនិស្សិត និងនិស្សិតគ្រប់ជំនាន់, ផ្លាស់ប្តូរការចងចាំ និងបណ្ដុះមនសិការស្រឡាញ់មរតកបញ្ញវន្តជាតិ សម្រាប់កូនខ្មែរជំនាន់ក្រោយ។

ការកសាងរូបចម្លាក់ និងការចងក្រងប្រវត្តិអ្នកប្រាជ្ញខ្មែរនៅ RUPP គឺជាជំហានដ៏សំខាន់មួយក្នុងការ «តភ្ជាប់អតីតកាល ជាមួយបច្ចុប្បន្នកាល» នៅក្នុងគ្រឹះស្ថានឧត្តមសិក្សា។ វាជួយកែប្រែបរិយាកាសសិក្សាឱ្យមានភាពរស់រវើក និងរំលឹកដល់និស្សិតឱ្យឃើញថា ប្រទេសកម្ពុជាមានឫសគល់ចំណេះដឹង និងបញ្ញាញាណដ៏រឹងមាំតាំងពីសម័យបុរាណមកម្ល៉េះ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3