28 May 2026 9:52 AM• 2 hours ago• Lim_Rothanaksambath
Shakira នឹងបរិច្ចាគថវិកាដែលរកបានពីបទ «Dai Dai» ទៅមូលនិធិអប់រំ FIFA Global Citizen ស្របពេលបទ «Goal» តារាថៃ LISA របូតពីចម្រៀងផ្លូវការជាស្ថាពរ
1779961956 6a18106455ec9 0
ការដែលបទចម្រៀង «Goal» របស់តារាចម្រៀងជនជាតិថៃ LISA សមាជិកក្រុម BLACKPINK បកស្រាយរួមគ្នាជាមួយតារាអាមេរិកឡាទីន Anitta និងតារាអាហ្វ្រិក Rema ត្រូវរបូតចេញពីតារាងចម្រៀងផ្លូវការ FIFA World Cup 2026 ដោយសារបទគ្មានភាពបំផុសពីស្មារតីកីឡា និងការប្រកួតបាល់ទាត់ពិភពលោកបន្តិចសោះឡើយ។ ផ្ទុយទៅវិញ តារាស្រីជនជាតិថៃរូបនេះ បែរជាច្រៀងរៀបរាប់ផ្តោតខ្លាំងពេកលើទ្រព្យសម្បត្តិ រូបរាងកាយ និងជីវិតសប្បាយពេលរាត្រី ធ្វើឱ្យអ្នកប្រើប្រាស់ទូទាំងសកលលោកផ្ទុះការរិះគន់ដូចព្យុះលើប្រព័ន្ធផ្សព្វផ្សាយ។
មិនយូរប៉ុន្មានក្រោយផ្ទុះការរិះគន់ទូទាំងសកលលោក បទ «Goal» ត្រូវបានដកចេញពីចម្រៀងផ្លូវការ FIFA World Cup 2026 ជំនួសមកវិញដោយបទ «Dai Dai» របស់តារាចម្រៀងកូឡុំប៊ី Shakira សហការជាមួយ Burna Boy។
បទចម្រៀង «Dai Dai» របស់ Shakira ft Burna Boy មានលក្ខណៈពិសេស និងភាពលេចធ្លោជាច្រើនផ្នែក ដែលឆ្លុះបញ្ចាំងពីបរិយាកាសកីឡា ការរួបរួមសាមគ្គី ដែលបង្ហាញពីភាពសកលរបស់ World Cup យ៉ាងពេញលេញ។ ការបញ្ចូលស្ទីល Latin pop និង Afrobeats របស់ Burna Boy តារាចម្រៀងជនជាតិនីហ្សេរីយ៉ា និងវត្តមានតារាបាល់ទាត់ល្បីៗ ដូចជា cameo របស់ Lionel Messi, Harry Kane, Erling Haaland និង Kylian Mbappé ធ្វើឱ្យបទនេះរឹតតែរន្ថើនថែមមួយកម្រិតទៀត។
រឹតតែអស្ចារ្យ បទ "Dai Dai" នឹងក្លាយជាបទចម្រៀងផ្លូវការនៃ FIFA World Cup 2026 ដើម្បីគាំទ្រដល់មូលនិធិអប់រំ FIFA Global Citizen ដែលមានគោលដៅរៃអង្គាសប្រាក់ចំនួន ១០០ លានដុល្លារអាមេរិក នៅត្រឹមពេលបញ្ចប់ការប្រកួត ដើម្បីផ្តល់ឱកាសដល់កុមារជុំវិញពិភពលោកនូវការទទួលបានការអប់រំប្រកបដោយគុណភាព និងឱកាសក្នុងវិស័យបាល់ទាត់។ នេះបើយោងតាមអត្ថបទចុះផ្សាយលើគេហទំព័រផ្លូវការរបស់ FIFA កាលពីពេលថ្មីៗ។
ការចុះផ្សាយអត្ថបទខាងលើក៏បានឱ្យដឹងផងដែរថា Shakira កំពុងសហការជាមួយ Global Citizen និង FIFA ដើម្បីផ្តល់ឱកាសអប់រំដល់កុមារនៅក្នុងសហគមន៍ដែលខ្វះខាត ដោយប្រាក់ចំណូលដែលទទួលបានពីបទ "Dai Dai" នឹងត្រូវបរិច្ចាគទៅមូលនិធិអប់រំ FIFA Global Citizen ហើយក្រុមហ៊ុន Sony Music នឹងធ្វើការបរិច្ចាគបន្ថែមឱ្យស្មើនឹងចំនួន ២៥០,០០០ ដុល្លារអាមេរិកពីការប្រមូលបានលើកដំបូង។
សូមជម្រាបផងដែរថា តារាកូឡុំប៊ី Shakira នឹងចូលរួមសម្តែងជាតារាកិត្តិយសក្នុងកម្មវិធីសម្តែងក្នុងវគ្គ Halftime Show នៃវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2026 នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ជាមួយតារាស្រី Madonna និងក្រុម K-POP ប្រុសកូរ៉េដ៏ល្បីល្បាញ BTS។ ចំណែកកម្មវិធីប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup 2026 នឹងធ្វើឡើងនៅប្រទេសចំនួន ៣ រួមមាន៖ សហរដ្ឋអាមេរិក កាណាដា និងប្រទេសម៉ិកស៊ិក ដោយកម្មវិធីប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី ១១ ខែមិថុនា រហូតដល់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខនេះ៕