The Khmer Daily Network Logo

Economic

2 hours agoLim_Rothanaksambath

ក្រសួងពាណិជ្ជកម្មកម្ពុជា និងបារាំង ត្រៀមបង្ហាញផលិតផលខ្មែរក្នុងពិព័រណ៍ SIAL PARIS 2026 និងវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣

ក្រសួងពាណិជ្ជកម្មកម្ពុជា និងបារាំង ត្រៀមបង្ហាញផលិតផលខ្មែរក្នុងពិព័រណ៍ SIAL PARIS 2026 និងវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣
ភ្នំពេញ, ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦៖ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារបច្ចេកទេស ជួបពិភាក្សាការងារជាមួយលោក Frantz Vaganay ប្រធានទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសនៃប្រទេសបារាំងប្រចាំកម្ពុជា (CCEF) និងតំណាងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជា (CCIFC) នៅភោជនីយដ្ឋាន Khéma La Poste ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងរៀបចំផែនការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។

កិច្ចពិភាក្សានេះបានផ្តោតសំខាន់លើរបៀបវារៈធំៗចំនួន ២ គឺ បេសកកម្មជំរុញការនាំចេញក្នុងពិព័រណ៍ SIAL PARIS 2026 ដោយភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមលក្ខណៈសម្រាប់កម្មវិធីពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិដ៏ធំបំផុតមួយក្នុងលោកគឺ «SIAL PARIS 2026» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល Paris Nord Villepinte ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។ ក្នុងព្រឹត្តិការណ៍នេះ ក្រសួងពាណិជ្ជកម្មមានគោលដៅនាំយកផលិតផលសក្តានុពលរបស់កម្ពុជា ដូចជា អង្ករ ម្រេចកំពត ស្វាយចន្ទី និងផលិតផលកែច្នៃផ្សេងៗទៀត ទៅបង្ហាញដល់អ្នកបញ្ជាទិញអន្តរជាតិ ដើម្បីពង្រីកវិសាលភាពនាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងពិភពលោក។

មួយទៀតនោះ គឺការរៀបចំ «វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣» ដោយក្រៅពីពិព័រណ៍នៅបារាំង អង្គប្រជុំក៏បានពិនិត្យមើលវឌ្ឍនភាពនៃការត្រៀមរៀបចំ «វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ឆ្នាំ២០២៦» ដែលគ្រោងនឹងធ្វើឡើងនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ វេទិកានេះនឹងក្លាយជាស្ពានចម្លងដ៏សំខាន់សម្រាប់ធុរជន និងវិនិយោគិនបារាំង ក្នុងការស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ក៏ដូចជាការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងក្រុមហ៊ុននៃប្រទេសទាំងពីរ។

ឯកឧត្តម សំហេង បូរ៉ា បានគូសបញ្ជាក់ថា កិច្ចសហការជាមួយ CCEF និង CCIFC គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មទីផ្សារ និងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងបារាំង បានបង្ហាញសញ្ញាវិជ្ជមានជាបន្តបន្ទាប់ ជាពិសេសក្រោយដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសបារាំងនាពេលកន្លងមក ដែលបានជំរុញឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការដោះដូរពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគិនបារាំងមកកាន់កម្ពុជាកាន់តែច្រើនឡើង៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម