National
• 1 hour ago• Lim_Rothanaksambath
កម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ SOMS-17 ពង្រឹងការប្រឆាំងសារធាតុដូប៉ា ត្រៀមបង្កើត FIFA ASEAN Cup 2026 និង កីឡាក្បាច់គុនអាស៊ាន ឆ្នាំ២០២៧

ភ្នំពេញ, ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ានលើកទី១៧» (17th ASEAN Senior Officials Meeting on Sports - SOMS-17) និងកិច្ចប្រជុំពាក់ព័ន្ធ ប្រកបដោយជោគជ័យ នៅខេត្តសៀមរាប។
កិច្ចប្រជុំកម្រិតតំបន់នេះ ដឹកនាំដោយ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិច្ចប្រជុំ SOMS-17 ដោយមានការចូលរួមពី ឯកឧត្តម ប៉ុន សុខ ប្រធានឧត្តមមន្ត្រីកីឡាកម្ពុជា ប្រតិភូកីឡាមកពីបណ្តារដ្ឋសមាជិកអាស៊ាន ព្រមទាំងតំណាងអង្គការដៃគូអន្តរជាតិសំខាន់ៗ ដូចជា អង្គការប្រឆាំងដូប៉ាពិភពលោក (WADA), អង្គការប្រឆាំងដូប៉ាតំបន់អាស៊ីអាគ្នេយ៍ (SEARADO), Special Olympics និង Alliance of Sport។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងវាយតម្លៃវឌ្ឍនភាពការងារ ពិភាក្សាលើសមិទ្ធផលកិច្ចសហប្រតិបត្តិការ និងកំណត់ទិសដៅអាទិភាព ដើម្បីជំរុញវិស័យកីឡាក្នុងតំបន់អាស៊ានឱ្យកាន់តែមានប្រសិទ្ធភាព បរិយាបន្ន និងចីរភាព។
តួយ៉ាង អង្គប្រជុំបានពិនិត្យ និងបូកសរុបវឌ្ឍនភាពនៃការអនុវត្ត ផែនការការងារអាស៊ានស្តីពីកីឡា ឆ្នាំ២០២៦-២០៣០ (AWPS 2026-2030) ដោយគិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ សកម្មភាពចំនួន ២១ ក្នុងចំណោម ៩០ (ស្មើនឹង ២៣%) ត្រូវបានអនុវត្ត និងបញ្ចប់ជាស្ថាពរ ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់បណ្តារដ្ឋសមាជិកក្នុងការសម្រេចបាននូវគោលដៅរួម។
ជាមួយគ្នានេះ ប្រទេសសមាជិកចំនួន៥ រួមមាន ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងទីម័រឡេស្តេ បានបំពេញកាតព្វកិច្ចបង់ថវិកាភាគទានប្រចាំឆ្នាំ២០២៦ ចូលទៅក្នុង «មូលនិធិកីឡាអាស៊ាន» (ASEAN Sports Fund) រួចរាល់ផងដែរ។

បន្ថែមពីលើនោះ ក្នុងអង្គប្រជុំ ប្រតិភូទាំងអស់បានពិភាក្សា និងអនុម័តលើសមិទ្ធផលសំខាន់ៗជាច្រើន រួមមាន៖
• ការប្រឆាំងសារធាតុដូប៉ា (Anti-Doping)៖ អាស៊ានបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយ WADA និង SEARADO ដើម្បីពង្រឹងការត្រៀមលក្ខណៈសម្រាប់ការអនុវត្តបទប្បញ្ញត្តិប្រឆាំងដូប៉ាឆ្នាំ២០២៧ ព្រមទាំងបង្កើតបណ្តាញចែករំលែកចំណេះដឹង និងបទពិសោធន៍រវាងមន្ត្រីត្រួតពិនិត្យដូប៉ាក្នុងតំបន់។
• កិច្ចសហការជាមួយ FIFA៖ ពិភាក្សាលើការរៀបចំការប្រកួត FIFA ASEAN Cup 2026 និងការបង្កើត «ក្រុមការងាររួមអាស៊ាន-FIFA» (ASEAN-FIFA Implementation Working Group)។
• នវានុវត្តន៍ និងវេជ្ជសាស្ត្រកីឡា៖ ពិភាក្សាលើគំនិតផ្តួចផ្តើមរបស់ប្រទេសម៉ាឡេស៊ី ក្នុងការបង្កើត «មជ្ឈមណ្ឌលបច្ចេកវិទ្យា និងនវានុវត្តន៍កីឡាអាស៊ាន» (ASEAN Sports Technology and Innovation Hub) និង «បណ្តាញវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រកីឡាអាស៊ាន» (ASP-SM Network)។
• គម្រោងតំបន់កីឡាអាស៊ាន (ASEAN Sports Zones Phase II)៖ បានបន្តជំរុញការអនុវត្ត ដោយពន្យារពេល ៥ខែ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៧ ដើម្បីបញ្ចប់ការដំឡើងឧបករណ៍ និងរៀបចំពិធីសម្ពោធនៅតាមប្រទេសគោលដៅ។
ជាលទ្ធផលដ៏ត្រជះត្រចង់នៃកិច្ចប្រជុំ ប្រតិភូអាស៊ានបានប្រកាសជាផ្លូវការអំពីការសម្រេចឱ្យព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ានលើកទី៩ (AMMS-9), កិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ានលើកទី១៨ (SOMS-18) និងកិច្ចប្រជុំពាក់ព័ន្ធ។
កិច្ចប្រជុំកំពូលកីឡានេះ គ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែតុលា ឆ្នាំ២០២៧ នៅទឹកដីខេត្តសៀមរាប ដោយនឹងត្រូវរៀបចំអមជាមួយព្រឹត្តិការណ៍ ASEAN Traditional and Games Contest ដោយផ្តោតសំខាន់លើ «ការប្រកួតកីឡាក្បាច់គុន» (Martial Arts Contest) ដែលជាឱកាសមាសក្នុងការបង្ហាញបេតិកភណ្ឌក្បាច់គុនបុរាណខ្មែរទៅកាន់តំបន់ និងពិភពលោក។
ដោយឡែក ប្រទេសម៉ាឡេស៊ី ក៏បានរាយការណ៍អំពីវឌ្ឍនភាពនៃការត្រៀមរៀបចំ កីឡាស៊ីហ្គេមលើកទី៣៤ (34th SEA Games) និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១៤ ឆ្នាំ២០២៧ ដោយបានសម្រេចអនុម័តប្រភេទកីឡាចំនួន ៤៣ ប្រភេទផ្លូវការសម្រាប់ការប្រកួត។
សូមជម្រាបថា ការធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យនៃកិច្ចប្រជុំ SOMS-17 នេះ មិនត្រឹមតែជាសក្ខីភាពបង្ហាញពីសមត្ថភាព និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការដឹកនាំវិស័យកីឡាក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានយុទ្ធសាស្ត្រក្នុងការបន្តពង្រឹងមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍវិស័យកីឡាអាស៊ានឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



