The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំកិច្ចប្រជុំបើកដំណើរការ នីតិវិធីប្រតិបត្តិស្តង់ដារ (SOP) សម្រាប់គ្រប់គ្រងវិនិយោគសាធារណៈឱ្យមានតម្លាភាព

ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំកិច្ចប្រជុំបើកដំណើរការ នីតិវិធីប្រតិបត្តិស្តង់ដារ (SOP) សម្រាប់គ្រប់គ្រងវិនិយោគសាធារណៈឱ្យមានតម្លាភាព
ភ្នំពេញ, ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦៖​ កិច្ចប្រជុំបើកដំណើរការ (Kick-off Meeting) ស្តីពីការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ការគ្រប់គ្រងវិនិយោគសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមជំនួយបច្ចេកទេសពីសហភាពអឺរ៉ុប ក្របខ័ណ្ឌ EU4PFM Cambodia ត្រូវបានប្រារព្ធរៀបចំឡើងនៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃចន្ទ ទី៦ ខែកក្កដា ក្រោមអធិបតីភាព លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសហប្រធានដឹកនាំកិច្ចប្រជុំដោយផ្ទាល់ និងតាមរយៈវីដេអូ រួមទាំងថ្នាក់ដឹកនាំក្រសួង តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា ទីប្រឹក្សាបច្ចេកទេស និងលោក លោកស្រី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងមន្រី្តជំនាញជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងបើកដំណើរការជាផ្លូវការនៃការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ការគ្រប់គ្រងវិនិយោគសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងផ្តល់ការណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមការងាររបស់ក្រសួងដែលទទួលបន្ទុកសម្របសម្រួលការងារជាមួយអង្គភាពពាក់ព័ន្ធ និងពិនិត្យពិភាក្សាលើវិសាលភាពការងារ ផែនការអនុវត្ត កាលវិភាគការងារ តួនាទី និងភារកិច្ចរបស់ទីប្រឹក្សាបច្ចេកទេស និងក្រុមការងារពាក់ព័ន្ធ ដើម្បីធានាឱ្យការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) នេះមានប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ក្រសួង ពាក់ព័ន្ធនឹងការងារគ្រប់គ្រងវិនិយោគសាធារណៈ។


ជាមួយគ្នានោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណសហភាពអឺរ៉ុប និងក្រុមទីប្រឹក្សាបច្ចេកទេស ដែលបានផ្តល់ការគាំទ្រក្នុងការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) នេះ។ ទន្ទឹមនឹងនេះ លោកជំទាវ និងឯកឧត្តមសហប្រធានអង្គប្រជុំក៏បានស្នើឱ្យគ្រប់អង្គភាពពាក់ព័ន្ធបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រុមទីប្រឹក្សាបច្ចេកទេស ដើម្បីធានាឱ្យបានថាការរៀបចំ នីតិវិធីប្រតិបត្តិស្តង់ដារ (SOP) មានភាពគ្រប់ជ្រុងជ្រោយ អាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងចូលរួមលើកកម្ពស់ការគ្រប់គ្រងវិនិយោគសាធារណៈរបស់ក្រសួងឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់៕

ពីសារព័ត៌មាន The Khmer Daily Network
End image 1
End image 2