National

1 hour agoLim_Rothanaksambath

កម្ពុជា និងអូស្ត្រាលី ជំរុញសមាហរណកម្មពាណិជ្ជកម្ម និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យធំៗ ក្នុងកិច្ចប្រជុំ SOTs លើកទី៦

កម្ពុជា និងអូស្ត្រាលី ជំរុញសមាហរណកម្មពាណិជ្ជកម្ម និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យធំៗ ក្នុងកិច្ចប្រជុំ SOTs លើកទី៦
ភ្នំពេញ, ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦៖ កម្ពុជា និងអូស្ត្រាលី បានបន្តបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការរឹតចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងសន្តិសុខក្នុងតំបន់ នៅក្នុងឱកាសនៃកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី (Senior Officials’ Talks - SOTs) លើកទី៦ ដែលបានប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

កិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីទ្វេភាគីនេះ ត្រូវបានដឹកនាំរួមដោយ ឯកឧត្តម អ៊ុង ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ Michelle Chan អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាចំនួន ៩ ព្រមទាំងឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃស្ថានទូតអូស្ត្រាលីផងដែរ។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពជាវិជ្ជមាន និងការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ តំណាងភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីមធ្យោបាយ និងយន្តការនានា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ លើវិស័យអាទិភាព ដូចជា វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងវិនិយោគ, ការពារជាតិ និងសន្តិសុខ, កសិកម្ម និងកសិ-ឧស្សាហកម្ម, ថាមពលស្អាត, ការអប់រំ និងការបោសសម្អាតមីន ជាដើម។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម Ministry of Commerceប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម Ministry of Commerce
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម ក៏បានធ្វើបទអន្តរាគមន៍ដោយជម្រាបជូនអង្គប្រជុំអំពីកំណើនជាវិជ្ជមាននៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលី នាពេលកន្លងមក។ ឯកឧត្តម បានលើកឡើងអំពីទិសដៅកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងពហុភាគី ព្រមទាំងបានដាក់ចេញនូវសំណើជាក់ស្តែងមួយចំនួន សំដៅពង្រឹង និងពង្រីកការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់កម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃ (Global Value Chains) ទាំងក្នុងកម្រិតតំបន់ និងសកលលោក។

នៅក្នុងកិច្ចប្រជុំ SOTs លើកទី៦ នេះផងដែរ ភាគីទាំងពីរបានពិភាក្សាអំពីផែនការរៀបចំសកម្មភាពរួមគ្នា ដើម្បីប្រារព្ធពិធីអបអរសាទរ ខួប ៧៥ ឆ្នាំ នៃទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងអូស្ត្រាលី នៅក្នុងឆ្នាំ២០២៧ ខាងមុខ។ ជាមួយគ្នានោះដែរ កម្ពុជា និងអូស្ត្រាលី បានឯកភាពគ្នារៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី (SOTs) លើកទី៧ នៅឯប្រទេសអូស្ត្រាលី នាឆ្នាំ២០២៧ ផងដែរ៕

​រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3