The Khmer Daily Network Logo

National

3 hours agoLim_Rothanaksambath

ជំរុញកំណើនភ្ញៀវទេសចរ! កម្ពុជា- UAE សិក្សាពិនិត្យសំណើសុំលើកលែងទិដ្ឋាការទេសចរណ៍ និងការតភ្ជាប់ជើងហោះហើរត្រង់

ជំរុញកំណើនភ្ញៀវទេសចរ! កម្ពុជា- UAE សិក្សាពិនិត្យសំណើសុំលើកលែងទិដ្ឋាការទេសចរណ៍ និងការតភ្ជាប់ជើងហោះហើរត្រង់
ភ្នំពេញ,ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦៖ កម្ពុជា និងសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) បន្តពិនិត្យវឌ្ឍនភាពកិច្ចសហប្រតិបត្តិការទេសចរណ៍ ការតភ្ជាប់ជើងហោះហើរត្រង់ និងសិក្សាពិនិត្យសំណើសុំការលើកលែងទិដ្ឋាការទេសចរណ៍ដែលស្នើដោយភាគី UAE ដើម្បីជំរុញកំណើនភ្ញៀវទេសចរបន្ថែមទៀត។

តួយ៉ាង នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដែលបានដាក់កាលពីខែឧសភា ឆ្នាំ២០២៥ កន្លងមក ព្រមទាំងផ្លាស់ប្តូរទស្សនៈស៊ីជំរៅលើយន្តការជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ តាមរយៈការពង្រឹងការតភ្ជាប់ផ្លូវអាកាស និងការសិក្សាពិនិត្យលទ្ធភាពលើសំណើសុំការលើកទិដ្ឋាការទេសចរណ៍របស់ភាគី UAE នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនេះ កម្ពុជា និងសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម បានផ្លាស់ប្តូរទស្សនៈស៊ីជំរៅបន្ថែមទៀតលើយន្តការទាក់ទាញភ្ញៀវទេសចរពីសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) និងតំបន់មជ្ឈិមបូព៌ាតែម្តង តាមរយៈការសិក្សាពិនិត្យលទ្ធភាពសំណើសុំការលើកលែងទិដ្ឋាការទេសចរណ៍ដែលបានស្នើសុំពីភាគីមិត្ត UAE។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជននៃសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម ដែលបានរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគឺការតភ្ជាប់តាមផ្លួវអាកាសដោយក្រុមហ៊ុនអាកាសចរណ៍ Etihad Airlines ពីរដ្ឋធានី Abu Dhabi មកកាន់រាជធានីភ្នំពេញ ចាប់តាំងពីចុងឆ្នាំ២០២៥ ដែលបានជួយតភា្ជប់កម្ពុជាទៅកាន់ច្រកទ្វារអន្តរជាតិ និងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ និងអ្នកដំណើរអន្តរជាតិធ្វើដំណើរដោយផ្ទាល់មកកាន់កម្ពុជា។​


រូបភាព៖ ក្រសួងទេសចរណ៍រូបភាព៖ ក្រសួងទេសចរណ៍
ជាមួយគ្នានោះ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតជូនចូលជួបពិភាក្សាការងារ និងពិនិត្យវឌ្ឍនាភាពរួមគ្នាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍កន្លងមក ជាពិសេសលើចំនួនភ្ញៀវទេសចរ និងអ្នកដំណើរអន្តរជាតិដែលធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរណ៍ Etihad Airlines ពីរដ្ឋធានី Abu Dhabi មកកាន់រាជធានីភ្នំពេញ កន្លងមក។​

គួរបញ្ជាក់ផងដែរថា ឆ្នាំ២០២៦ គឺជាខួបលើកទី៣២ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ អាកាសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។ នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦ លាននាក់ ក្នុងនោះមានភ្ញៀវមកពីតំបន់មជ្ឈិមបូព៌ាជិត៣.៥០០នាក់ ខណៈក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជិត ១,៦ លាននាក់ ក្នុងនោះមានភ្ញៀវមកពីមជ្ឈិមបូព៌ាជាង១.២០០នាក់ ដែលបង្ហាញពីសក្តានុពលនៃទីផ្សារទេសចរណ៍តំបន់មជ្ឈិមបូព៌ា ទោះបីមានការរំខានពីបញ្ហាសង្រ្គាមក្នុងតំបន់យ៉ាងណាក្តី៕

ពីសារព័ត៌មាន The Khmer Daily Network