The Khmer Daily Network Logo

National

23 hours agoLim_Rothanaksambath

អ្នករាយការណ៍ពិសេស UN ឆ្លើយតបការរិះគន់របស់ថៃ ពាក់ព័ន្ធរបាយការណ៍បេសកម្មរបស់លោក ដោយសង្កត់ធ្ងន់លើចំនុចសំខាន់ៗ

អ្នករាយការណ៍ពិសេស UN ឆ្លើយតបការរិះគន់របស់ថៃ ពាក់ព័ន្ធរបាយការណ៍បេសកម្មរបស់លោក ដោយសង្កត់ធ្ងន់លើចំនុចសំខាន់ៗ
ភ្នំពេញ, ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦៖ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍បំភ្លឺ និងឆ្លើយតបទៅនឹងការរិះគន់របស់រដ្ឋាភិបាលថៃ ពាក់ព័ន្ធនឹងរបាយការណ៍នៃផលប៉ះពាល់សិទ្ធិមនុស្ស និងចំនួនពលរដ្ឋដែលត្រូវជម្លៀសខ្លួនដោយសារជម្លោះព្រំដែន។

នៅក្នុងសេចក្ដីថ្លែងការណ៍ដែលទើបទទួលបាន អ្នករាយការណ៍ពិសេស បានសង្កត់ធ្ងន់លើ ការដែលមន្ត្រីថៃបានបដិសេធចំពោះតួលេខពលរដ្ឋកម្ពុជាប្រមាណ ៦៥០,០០០ នាក់ ដែលត្រូវបានផ្លាស់ទីលំនៅដោយសារជម្លោះព្រំដែននោះ។

អ្នករាយការណ៍ពិសេសបានបញ្ជាក់ថា តួលេខនេះគឺដកស្រង់ចេញពីរបាយការណ៍ផ្លូវការរបស់អង្គការសហប្រជាជាតិ (UN)។ លោកបានបន្ថែមថា ការលើកឡើងពីបញ្ហានេះ គឺឈរលើមូលដ្ឋាននៃការព្រួយបារម្ភផ្នែកសិទ្ធិមនុស្សសុទ្ធសាធ ដោយមិនគិតថាពលរដ្ឋទាំងនោះស្ថិតនៅលើទឹកដីដែលមានជម្លោះ ឬការទាមទារអធិបតេយ្យភាពរបស់ភាគីណានោះឡើយ។

ក្នុងនោះផងដែរ លោក Thomas Andrews ក៏បានបង្ហើបថា លោកបានផ្ញើសេចក្ដីព្រាងនៃរបាយការណ៍នេះ ទៅឱ្យរដ្ឋាភិបាលថៃពិនិត្យតាំងពី ២ថ្ងៃមុនការចេញផ្សាយ ប៉ុន្តែមិនទទួលបានការឆ្លើយតបណាមួយឡើយ។ ទោះជាយ៉ាងណា លោកនៅតែបើកចំហរជានិច្ចក្នុងការពិភាក្សាជាមួយភាគីថៃ ដើម្បីស្វែងយល់ពីទស្សនៈរបស់ពួកគេ និងធានាឱ្យបាននូវភាពសុក្រឹតនៅក្នុងរបាយការណ៍ចុងក្រោយ ដែលគ្រោងនឹងដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅខែក្រោយ។


សេចក្ដីថ្លែងការណ៍ខាងលើន ក៏បានសង្កត់ធ្ងន់ថា ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងឆាប់រហ័ស គឺជាកត្តាចាំបាច់បំផុត ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចត្រឡប់ទៅផ្ទះសម្បែងវិញ និងទទួលបានសន្តិសុខ ក៏ដូចជាឱកាសសេដ្ឋកិច្ចតាមរយៈពាណិជ្ជកម្មព្រំដែន។ បន្ថែមពីលើនោះ អ្នករាយការណ៍ពិសេស បានសម្ដែងការអបអរសាទរចំពោះការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលថៃ ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយរដ្ឋាភិបាលទាំងកម្ពុជា និងថៃ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសការជួយសង្គ្រោះពលរដ្ឋស៊ីវិលដែលរងគ្រោះ។

ជាចុងក្រោយ លោក ថូម៉ាស់ អាន់ឌ្រូស(Thomas Andrews) អ្នករាយការណ៍ពិសេសអង្គការសហ​ប្រជាជាតិ (អ.ស.ប) បានរំលឹកថា៖ «ទោះជាជនជាតិថៃ ឬជនជាតិកម្ពុជាក៏ដោយ សិទ្ធិមនុស្សគឺជារឿងសំខាន់បំផុតដូចគ្នា»៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3