National

• 1 hour ago• Lim_Rothanaksambath

គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅដល់ទីក្រុងឡាអេ ត្រៀមចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS រវាងកម្ពុជា និងថៃ នៅថ្ងៃស្អែកនេះ!

គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅដល់ទីក្រុងឡាអេ ត្រៀមចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS រវាងកម្ពុជា និងថៃ នៅថ្ងៃស្អែកនេះ!
ភ្នំពេញ, ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញមកដល់ទីក្រុងឡាអេ ព្រះរាជាណាចក្រហូឡង់ ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមក្នុង កិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។

ដំណើរអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងក្រុមអ្នកជំនាញច្បាប់អន្តរជាតិរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅកាន់ទីក្រុងឡាអេ នាពេលនេះ គឺជាជំហានការទូតដ៏សំខាន់មួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ និងការដោះស្រាយបញ្ហាដែនសមុទ្រដោយសន្តិវិធី ដោយប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ច្បាប់អន្តរជាតិ។

កិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេនេះ គឺធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំលើកដំបូង (First Round of Conciliation) ដែលត្រូវបានប្រារព្ធធ្វើឡើងយ៉ាងជោគជ័យនៅទីក្រុងសិង្ហបុរី កាលពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ។ កិច្ចប្រជុំក្នុងក្របខ័ណ្ឌគណៈកម្មការផ្សះផ្សានេះ ផ្ដល់នូវវេទិកាផ្លូវការ និងឱកាសដ៏សំខាន់បន្ថែមទៀតដល់ភាគីទាំងសងខាង ក្នុងការបន្តការចរចា និងស្វែងរកដំណោះស្រាយសមស្របក្រោមក្របខ័ណ្ឌច្បាប់នៃអនុសញ្ញា UNCLOS។

រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានគូសបញ្ជាក់ជាច្រើនដងរួចមកហើយថា កម្ពុជាជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិ គឺជាមូលដ្ឋានគ្រឹះដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ដោះស្រាយរាល់រឿងរ៉ាវ និងវិវាទរវាងរដ្ឋ និងរដ្ឋដោយសន្តិវិធី។ កម្ពុជា បានចូលរួមក្នុងដំណើរការផ្សះផ្សាដោយបង្ខំនេះដោយស្មារតីសុចរិតភាព កិច្ចសហប្រតិបត្តិការពេញលេញ និងមានទំនុកចិត្តយ៉ាងខ្លាំងចំពោះគណៈកម្មការផ្សះផ្សាអន្តរជាតិ។

សាធារណជន និងអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ កំពុងរង់ចាំតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះលទ្ធផលនៃកិច្ចប្រជុំកម្រិតខ្ពស់នេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅជិតទីស្នាក់ការកណ្ដាលនៃវិមានសន្តិភាព (Peace Palace) ក្នុងទីក្រុងឡាអេ ប្រទេសហូឡង់។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក  
ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperationប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation
គួររំលឹកឱ្យដឹងផងដែរថា កិច្ចប្រជុំលើកដំបូងរវាងកម្ពុជា និងថៃ ក្រោមគណៈកម្មការផ្សះផ្សានេះ ត្រូវបានរៀបចំឡើងយ៉ាងរលូននៅទីក្រុងសិង្ហបុរី កាលពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការបរទេស និងក្រុមអ្នកច្បាប់អន្តរជាតិ។

តាមការគ្រោងទុក កិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ រវាងកម្ពុជា និងថៃ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ខណៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងាររបស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូមន្ត្រីជំនាញច្បាប់ បានអញ្ជើញទៅដល់ទីក្រុងឡាអេហើយ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS រវាងកម្ពុជា និងថៃ នៅថ្ងៃស្អែកនេះ៕



រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2