National

• 1 hour ago• Lim_Rothanaksambath

គណៈកម្មការ UNCLOS តម្រូវឱ្យកម្ពុជា និងថៃ រក្សាភាពស្ងប់ស្ងាត់ ផ្អាកការចេញសេចក្តីថ្លែងការណ៍ជាសាធារណៈ ខណៈកិច្ចប្រជុំនៅបន្តដល់ថ្ងៃទី១៨ ខែតុលា

គណៈកម្មការ UNCLOS តម្រូវឱ្យកម្ពុជា និងថៃ រក្សាភាពស្ងប់ស្ងាត់ ផ្អាកការចេញសេចក្តីថ្លែងការណ៍ជាសាធារណៈ ខណៈកិច្ចប្រជុំនៅបន្តដល់ថ្ងៃទី១៨ ខែតុលា


ភ្នំពេញ, ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ កំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ទីក្រុងឡាអេ ប្រទេសហូឡង់។

យោងតាមបទប្បញ្ញត្តិនៃនីតិវិធីដែលភាគីទាំងពីរបានឯកភាពគ្នា គណៈកម្មការផ្សះផ្សា UNCLOS បានដាក់ចេញនូវការតម្រូវឱ្យភាគីទាំងសងខាង ជៀសវាងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ ពាក់ព័ន្ធនឹងលទ្ធផលនៃដំណើរការផ្សះផ្សានេះ រហូតទាល់តែគណៈកម្មការផ្សះផ្សាចេញសេចក្តីប្រកាសព័ត៌មានផ្លូវការដោយផ្ទាល់។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់បន្ថែមថា នឹងផ្តល់ព័ត៌មានថ្មីៗពាក់ព័ន្ធនឹងដំណើរការនេះជូនសាធារណជនក្នុងពេលវេលាសមស្រប និងបានថ្លែងអំណរគុណចំពោះការអត់ធ្មត់ ក៏ដូចជាការយោគយល់ពីសំណាក់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់។

សូមជម្រាបថា កិច្ចប្រជុំលើកទី២ នេះ ធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព នៅទីស្នាក់ការកណ្តាលរបស់តុលាការអន្តរជាតិ ICJ និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ PCA ទីក្រុងឡាអេ ប្រទេសហូឡង់ ដោយបន្តបន្ទាប់ពីកិច្ចប្រជុំលើកទី១ ដែលបានប្រព្រឹត្តទៅកាលពីខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។

ក្នុងដំណើរការផ្សះផ្សានេះ កម្ពុជាបានបង្ហាញជម្រើសយុទ្ធសាស្ត្រចំនួន៣ ដើម្បីស្វែងរកដំណោះស្រាយរយៈពេលយូរអង្វែង រួមមាន៖ ការបង្កើតសន្ធិសញ្ញារួមគ្នាលើព្រំដែនសមុទ្រ, ការបង្កើតកិច្ចព្រមព្រៀងអភិវឌ្ឍន៍រួមគ្នា (Joint Development Agreement) លើធនធានក្រោមបាតសមុទ្រ និងការប្រើប្រាស់អនុសាសន៍របស់គណៈកម្មការផ្សះផ្សាជាមូលដ្ឋានសម្រាប់ការចរចាបន្ត៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network