National

• 2 hours ago• Lim_Rothanaksambath

កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS នៅទីក្រុងឡាអេ

កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS នៅទីក្រុងឡាអេ
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបញ្ចប់កិច្ចប្រជុំលើកទី២ របស់ខ្លួនជាមួយភាគីកម្ពុជា និងថៃ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដោយសម្រេចបានលទ្ធផលផ្លែផ្កាជាវិជ្ជមាន។

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ភាគីទាំងពីរ (កម្ពុជា-ថៃ) បានឈានដល់ការឯកភាពគ្នាលើ «វិធានការកសាងទំនុកចិត្ត» ដែលមានគោលបំណងជំរុញទំនុកចិត្ត និងភាពជឿជាក់ទៅវិញទៅមក ព្រមទាំងសម្រួលដល់ការស្វែងរកដំណោះស្រាយដោយសមហេតុផល ប្រកបដោយមិត្តភាព និងស្របតាមច្បាប់អន្តរជាតិ។
គណៈកម្មការផ្សះផ្សា បានលើកទឹកចិត្តឱ្យភាគីទាំងពីរអនុវត្តវិធានការទាំងនេះឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដែលជាកត្តាសំខាន់បំផុតក្នុងការរុញច្រានដំណើរការផ្សះផ្សាឱ្យទៅមុខ។ ក្នុងចំណោមវិធានការដែលបានឯកភាពគ្នានោះ ភាគីទាំងពីរបានទទួលស្គាល់នូវសិទ្ធិរៀងៗខ្លួនក្នុងការធ្វើសេចក្តីថ្លែងការណ៍ ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន ឬកែតម្រូវរាល់ព័ត៌មានមិនពិត និងព័ត៌មានបំភាន់នានា។

Inline image
ទន្ទឹមនឹងនេះ គណៈកម្មការក៏បានកត់សម្គាល់ផងដែរថា កិច្ចព្រមព្រៀង និងវិធានការនានាដែលកម្ពុជា និងថៃ ធ្លាប់បានឯកភាពគ្នាកាលពីមុន មិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយទេ។ ហេតុដូច្នេះ គណៈកម្មការបានជំរុញឱ្យភាគីទាំងពីរយកចិត្តទុកដាក់អនុវត្តកិច្ចព្រមព្រៀង និងវិធានការដែលមានស្រាប់ទាំងនោះ ដើម្បីជួយបង្កបរិយាកាសអំណោយផលដល់ការចរចាប្រកបដោយការស្ថាបនា។

ចំពោះការបន្តនីតិវិធី គណៈកម្មការផ្សះផ្សានឹងរៀបចំ កិច្ចប្រជុំលើកទី៣ ជាមួយភាគីទាំងពីរ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយនឹងចេញសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី២ នេះក្នុងពេលវេលាសមស្របខាងមុខ។

គួរបញ្ជាក់ផងដែរថា គណៈប្រតិភូកម្ពុជាបានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការផ្សះផ្សា និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) សម្រាប់ការខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងការសម្របសម្រួលកិច្ចពិភាក្សាប្រកបដោយស្មារតីស្ថាបនា និងជួយរុញច្រានឱ្យភាគីទាំងពីរឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្តដ៏មានសារៈសំខាន់នេះ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2