National

• 50 minutes ago• Lim_Rothanaksambath

ចប់កិច្ចប្រជុំ UNCLOS លើកទី២ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ស៊ីហាសាក់ ប្រកាសចាត់ប្រតិភូមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា

ចប់កិច្ចប្រជុំ UNCLOS លើកទី២ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ស៊ីហាសាក់ ប្រកាសចាត់ប្រតិភូមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
ភ្នំពេញ, ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦៖ គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអ.ស.ប.ស្តីពីនីតិសមុទ្រ រវាងកម្ពុជា និងថៃ (UNCLOS) បានបញ្ចប់ការរៀបចំសំណុំវិធានការកសាងទំនុកចិត្តរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៍ នៅក្នុងកិច្ចប្រជុំលើកទី២ នៅវិមានសន្តិភាព ទីក្រុងឡាអេ ប្រទេសហូឡង់ ដោយជោគជ័យ។

ក្រោយចប់កិច្ចប្រជុំ UNCLOS លើកទី២ លោក ស៊ីហាសាក់ ភួងកេតកែវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានប្រកាសឱ្យដឹងថា លោកនឹងចាត់ប្រតិភូមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅដែលកម្ពុជាកំពុងត្រៀមធ្វើម្ចាស់ផ្ទះ នាដើមខែវិច្ឆិកា ខាងមុខនេះ ដែលការបញ្ជូនប្រតិភូមកចូលរួមនាពេលនេះ ជាការបង្ហាញពីភាពស្មោះត្រង់របស់ថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Reporters ដែលចុះផ្សាយកាលពីថ្ងៃទី១៨ ខែតុលា កន្លងទៅ។

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ សារព័ត៌មានថៃ Thai PBS World បានចុះផ្សាយថា ក្នុងសេចក្ដីថ្លែងការណ៍របស់ លោក ស៊ីហាសាក់ ភួងកែវកែវ (Sihasak Phuangketkeow) រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ប្រទេសថៃ ក្នុងការសហការយ៉ាងពេញលេញ និងដោយស្មោះត្រង់ជាមួយគណៈកម្មការ ដើម្បីសម្រេចបាននូវដំណោះស្រាយយូរអង្វែងចំពោះវិវាទព្រំដែនសមុទ្រ អនុលោមតាមច្បាប់អន្តរជាតិ។

នៅពេលត្រូវគេសួរថា តើកម្ពុជានឹងជៀសវាងការចោទប្រកាន់ថៃនៅលើវេទិកាអន្តរជាតិដែរឬទេ? លោក ស៊ីហាសាក់ បានឆ្លើយតបថា បញ្ហានេះគឺអាស្រ័យលើភាគីកម្ពុជា ដោយលោកបានអះអាងថា ប្រទេសថៃតែងតែព្យាយាមចៀសវាងការចោទប្រកាន់លើប្រទេសកម្ពុជា លើកលែងតែក្នុងករណីចាំបាច់ដែលត្រូវឆ្លើយតបទៅនឹងការចោទប្រកាន់ពីភាគីកម្ពុជាប៉ុណ្ណោះ។

ក្នុងនោះ លោកក៏បានលើកឡើងពីកិច្ចសហការជាមួយកម្ពុជាលើវិស័យផ្សេងៗទៀត រួមទាំងការបញ្ជូនតំណាងជាន់ខ្ពស់ពីកងកម្លាំងនគរបាលជាតិថៃឱ្យចូលរួមកិច្ចប្រជុំស្ដីពីការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Operations) នៅកម្ពុជា។ លើសពីនេះ ថៃក៏កំពុងរៀបចំបញ្ជូនតំណាងឱ្យចូលរួមកិច្ចប្រជុំកំពូលនៃបណ្ដាប្រទេសនិយាយភាសាបារាំង (Francophonie) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

លោក ស៊ីហាសាក់ បានបញ្ជាក់ថា ប្រទេសថៃនៅតែត្រៀមខ្លួនជាស្រេចក្នុងការសហការក្នុងដំណើរការផ្សះផ្សា ហើយសង្ឃឹមថានឹងជួយស្វែងរកមាគ៌ាឆ្ពោះទៅមុខបាន។


គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអ.ស.ប.ស្តីពីនីតិសមុទ្រ រវាងកម្ពុជា និងថៃ (UNCLOS) បានលើកទឹកចិត្តឱ្យកម្ពុជា និងថៃ ខិតខំអនុវត្តការប្តេជ្ញាចិត្តឡើងវិញ ដើម្បីបង្កើតបរិយាកាសល្អសម្រាប់ការចរចា ក្រោយកត់សម្គាល់ថា វិធានការ និងការឯកភាពគ្នានាពេលកន្លងមកមិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយ។ គណៈកម្មការបានលើកទឹកចិត្តឱ្យកម្ពុជា និងថៃ ខិតខំដំឡើងកម្រិតតំណាងការទូតរបស់ខ្លួន ដោយការតែងតាំងតំណាងជាន់ខ្ពស់ម្នាក់ប្រចាំនៅរាជធានីនៃប្រទេសភាគីម្ខាងទៀត ខណៈ កិច្ចប្រជុំលើកទី៣ ជាមួយភាគីទាំងពីរ កម្ពុជា និងថៃ នឹងរៀបចំឡើងចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
ប្រភព៖ សារព័ត៌មាន The Reporters និង Thai PBS World 
រូបភាព៖ The Reporters
ប្រភព៖ សារព័ត៌មាន The Reporters និង Thai PBS World រូបភាព៖ The Reporters