National
• 1 hour ago• Lim_Rothanaksambath
កម្ពុជា និងថៃ បង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍ផ្លូវទឹក ខណៈកិច្ចចរចាក្រោមគណៈកម្មការផ្សះផ្សា UNCLOS នៅតែបន្ត

ភ្នំពេញ, ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦៖ យោងតាមសារព័ត៌មាន South China Morning Post (SCMP) បានឱ្យដឹងថា ប្រទេសកម្ពុជា និងប្រទេសថៃ បានព្រមព្រៀងគ្នាក្នុងការបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍ (Hotline) រវាងមេបញ្ជាការកងទ័ពជើងទឹកនៃប្រទេសទាំងពីរ និងសម្រួលដល់ការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ ខណៈដែលកិច្ចចរចាក្រោមការគាំទ្រពីគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអ.ស.ប.ស្តីពីនីតិសមុទ្រ រវាងកម្ពុជា និងថៃ (UNCLOS) នៅតែបន្តប្រព្រឹត្តទៅ។
កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចឡើងនៅក្នុងអំឡុងពេលនៃជំនួបពិភាក្សាផ្សះផ្សាលើកទី២ នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីសប្តាហ៍មុន។ តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) បានថ្លែងថា ភាគីទាំងសងខាងបានបង្ហាញពីឆន្ទៈល្អ និងបានប្តេជ្ញាចិត្តលើវិធានការកសាងទំនុកចិត្ត។
ប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងការគ្រប់គ្រងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ ក្នុងគោលបំណងបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនា ជាជាងការដាក់សម្ពាធលើភាគីម្ខាងទៀត។ ប្រទេសទាំងពីរក៏បានប្តេជ្ញាចៀសវាងការធ្វើអត្ថាធិប្បាយណាដែលជម្រុញឱ្យមានកំហឹងសាធារណៈ ឬបង្កើនភាពតានតឹង ព្រមទាំងរួមគ្នាទប់ស្កាត់ព័ត៌មានបំភាន់ដែលអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការនេះ។
ការបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍ផ្លូវទឹក នឹងអនុញ្ញាតឱ្យមេបញ្ជាការជើងទឹកនៃប្រទេសទាំងពីរអាចរាយការណ៍ និងគ្រប់គ្រងហេតុការណ៍ផ្សេងៗនៅលើផ្ទៃសមុទ្របានឆាប់រហ័ស ដើម្បីបង្ការការយល់ច្រឡំនានា។
ប្រទេសជិតខាងទាំង២ បានប្រឈមមុខដាក់គ្នាលើវិវាទព្រំដែនគោកប្រវែង ៨០០ គីឡូម៉ែត្រអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ប៉ះទង្គិចគ្នាកាលពីឆ្នាំមុន បានបណ្តាលឱ្យមនុស្សជាច្រើននាក់បាត់បង់ជីវិត និងរំខានដល់ពាណិជ្ជកម្មដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។ ទោះបីជាកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែធ្នូនៅតែមានប្រសិទ្ធភាព ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តស្ថិតក្នុងភាពតានតឹងនៅឡើយ។

បច្ចុប្បន្ន យកចិត្តទុកដាក់បានផ្លាស់ប្តូរទៅកាន់បាតសមុទ្រនៃឈូងសមុទ្រថៃ ដែលគេជឿជាក់ថាមានប្រភពធនធានប្រេង និងឧស្ម័នធម្មជាតិដែលមានតម្លៃប្រមាណ ៣០០ ពាន់លានដុល្លារអាមេរិក។ ប្រទេសថៃបានបញ្ចប់យន្តការទ្វេភាគីកាលពីខែឧសភា ដែលធ្វើឱ្យកម្ពុជាស្វែងរកការផ្សះផ្សាក្រោមក្របខ័ណ្ឌអនុសញ្ញា UNCLOS។ កិច្ចចរចាបានចាប់ផ្តើមនៅប្រទេសសឹង្ហបុរីកាលពីខែកញ្ញា និងបានបន្តនៅទីក្រុងឡាអេកាលពីសប្តាហ៍មុន លើផ្ទៃដីដែនទឹកទំហំ ២៧.០០០ គីឡូម៉ែត្រការ៉េ។
គួរជម្រាបឱ្យដឹងផងដែរថា គណៈកម្មការដែលមានសមាជិក ៥ រូបនេះ ដឹកនាំដោយលោកស្រី Katrina Cooper អ្នកច្បាប់ និងជាអ្នកទូតជនជាតិអូស្ត្រាលី។ កន្លងមក ករណីផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ធ្លាប់បានធ្វើឡើងតែមួយលើកគត់ រវាងប្រទេសទីម័រខាងកើត និងអូស្ត្រាលី ក្នុងឆ្នាំ២០១៦ ហើយដំណើរការនោះបានចំណាយពេលជិតពីរឆ្នាំ។
ក្រសួងការបរទេសថៃបានថ្លែងថា វិធានការទាំងនេះនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វឌ្ឍនភាពទៅមុខ ខណៈដែលក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះដំណើរការដែលខ្លួនជាអ្នកផ្តួចផ្តើមឡើងនេះ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network

