National

1 hour agoLim_Rothanaksambath

កម្ពុជា និងថៃ បញ្ចប់កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការសម្រុះសម្រួល UNCLOS នៅសិង្ហបុរី ដោយកំណត់ ៣ ដំណាក់កាលសំខាន់ៗ ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រ

កម្ពុជា និងថៃ បញ្ចប់កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការសម្រុះសម្រួល UNCLOS នៅសិង្ហបុរី ដោយកំណត់ ៣ ដំណាក់កាលសំខាន់ៗ ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រ
ភ្នំពេញ, ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦៖ តុលាការអាជ្ញាកណ្ដាលអចិន្ត្រៃយ៍ (PCA) បានប្រកាសជាផ្លូវការថា គណៈកម្មការសម្រុះសម្រួល (Conciliation Commission) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) បានបញ្ចប់កិច្ចប្រជុំលើកដំបូងរបស់ខ្លួនដោយជោគជ័យ ជាមួយតំណាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។ កិច្ចប្រជុំនេះជាជំហានប្រវត្តិសាស្ត្រមួយក្នុងការដោះស្រាយវិវាទតំបន់ទាមទារត្រួតស៊ីគ្នានៅក្នុងឈូងសមុទ្រថៃ ដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។

ក្នុងនោះ គណៈកម្មការសម្រុះសម្រួលដែលមានសមាជិក ៥ រូប រួមមាន៖ លោកស្រី Katrina Cooper ជនជាតិអូស្ត្រាលី ប្រធានគណៈកម្មការ, លោកបណ្ឌិត Peter Taksøe-Jensen អ្នកទូតដាណឺម៉ាក សមាជិកជ្រើសរើសដោយកម្ពុជា, លោកសាស្ត្រាចារ្យ Jean-Marc Thouvenin អ្នកច្បាប់បារាំងសមាជិកជ្រើសរើសដោយកម្ពុជា, លោកចៅក្រម Albert Hoffmann អ្នកច្បាប់អាហ្វ្រិកខាងត្បូងសមាជិកជ្រើសរើសដោយថៃ និងលោកចៅក្រម Rüdiger Wolfrum អ្នកចៅក្រមអាល្លឺម៉ង់ សមាជិកជ្រើសរើសដោយថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ PCA កិច្ចប្រជុំផ្លូវការនេះបានប្រព្រឹត្តទៅជា ៣ ដំណាក់កាលសំខាន់ៗ៖

⁃ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ (ជំនួបនីតិវិធី)៖ ភាគីទាំងពីរ និងគណៈកម្មការសម្រុះសម្រួលបានចុះហត្ថលេខាលើ លក្ខខណ្ឌនៃការតែងតាំង (Terms of Appointment) ព្រមទាំងសម្រេចជាស្ថាពរលើ «វិធាននៃនីតិវិធី» (Rules of Procedure) ដែលត្រូវប្រើប្រាស់គ្រប់គ្រងដំណើរការសម្រុះសម្រួលទាំងមូល។

⁃ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ (សេចក្តីថ្លែងការណ៍បើកកិច្ចប្រជុំ)៖ ប្រមុខប្រតិភូនៃប្រទេសទាំងពីរបានថ្លែងសេចក្តីថ្លែងការណ៍បើក ដែលត្រូវបានផ្សាយផ្ទាល់ជាសាធារណៈ (Live Webcast) ជាភាសាខ្មែរ អង់គ្លេស និងថៃ។

⁃ ភាគីកម្ពុជា៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាតំណាងពេញសមត្ថភាព (Agent) របស់កម្ពុជា បានគូសបញ្ជាក់ឡើងវិញនូវប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានថ្លែងថា «ទាំងកម្ពុជា និងថៃ នឹងទទួលបានផលប្រយោជន៍ពីការដោះស្រាយដោយយុត្តិធម៌ និងស្ថិតស្ថេរ ក្រោមការចង្អុលបង្ហាញពីអ្នកសម្រុះសម្រួលអន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិ»។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា កម្ពុជាចាត់ទុកដំណើរការសម្រុះសម្រួលនេះជា «មធ្យោបាយកសាងទំនុកចិត្តឡើងវិញ» ដោយមានគោលបំណងចម្បងក្នុងការស្វែងរកដំណោះស្រាយបម្រើប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងពង្រឹងសន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ កម្ពុជាបានស្នើឱ្យមានសន្ធិសញ្ញាកំណត់ព្រំដែនសមុទ្ររួមមួយ ឬកិច្ចព្រមព្រៀងអភិវឌ្ឍន៍រួមគ្នា (Joint Development) ដើមី្បចែករំលែកធនធានប្រេង និងឧស្ម័នដោយសមធម៌។
⁃ ភាគីថៃ៖ ឯកឧត្តម ស៊ីហាស័ក្តិ ភួងកេតកែវ (Sihasak Phuangketkeow) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានថ្លែងថា ការសម្រុះសម្រួលនេះអាចជួយភាគីទាំងពីរស្វែងរកចំណុចរួម បង្រួមគម្លាតផ្នែកច្បាប់ និងចរចារផ្លូវទៅមុខ។ ថៃបានចូលរួមដោយ «ឆន្ទៈស្មោះត្រង់» និងមានទំនុកចិត្តលើឯករាជ្យភាពនៃគណៈកម្មការ ដោយរំពឹងថានឹងឈានទៅសម្រេចបានដំណោះស្រាយតាមការចរចាដោយសមធម៌។ ថៃបានបញ្ជាក់ជំហរថា ការកំណត់ព្រំដែនសមុទ្រផ្លូវការត្រូវតែធ្វើឡើងជាមុនសិន មុននឹងឈានដល់ការនិយាយអំពីការបែងចែកធនធាន។ 

⁃ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ (ជំនួបពិភាក្សាស៊ីជម្រៅ)៖ បន្ទាប់ពីសេចក្តីថ្លែងការណ៍បើក ភាគីទាំងពីរបានធ្វើបទបង្ហាញស៊ីជម្រៅ និងជួបពិភាក្សាទ្វេភាគីជាសម្ងាត់ជាមួយគណៈកម្មការ ដើម្បីពិនិត្យលើប្រវត្តិវិវាទ និងកំណត់សមាសធាតុសំខាន់ៗដែលត្រូវដោះស្រាយ។


Inline image

សូមជម្រាបថា ដើមចមនៃការបង្កើតនីតិវិធីនេ គឺកម្ពុជាបានចាប់ផ្តើមដំណើរការសម្រុះសម្រួលបង្ខំ (Compulsory Conciliation) នេះកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ យោងតាមមាត្រា ២៩៨ និងឧបសម្ព័ន្ធ V (Annex V) នៃអនុសញ្ញា UNCLOS បន្ទាប់ពីភាគីថៃបានប្រកាសលុបចោលជាឯកតោភាគីនូវ «អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MoU 2001)» ដែលជាក្របខ័ណ្ឌចរចាទ្វេភាគីលើតំបន់ត្រួតស៊ីគ្នា។ ភាគីថៃបានដាក់លិខិតឆ្លើយតបផ្លូវការនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។
តំបន់ទាមទារត្រួតស៊ីគ្នានេះមានទំហំប្រមាណ ២៦,០០០ គីឡូម៉ែត្រក្រឡា ក្នុងឈូងសមុទ្រថៃ ដែលមានសក្តានុពលប្រេង និងឧស្ម័នធម្មជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ គិតជាទំហំទឹកប្រាក់ប្រមាណជិត ៣០០ ពាន់លានដុល្លារអាមេរិក។

គណៈកម្មការសម្រុះសម្រួលត្រូវបានរំពឹងថា នឹងចំណាយពេលប្រមាណ ១២ ខែ ដើម្បីសិក្សាឯកសារ ផែនទី និងអះអាងផ្នែកច្បាប់ មុននឹងចេញរបាយការណ៍អនុសាសន៍។ ទោះបីជាអនុសាសន៍របស់គណៈកម្មការមិនមានលក្ខណៈចាប់បង្ខំផ្នែកច្បាប់ (non-binding) ក៏ដោយ តែវាជាយន្តការអន្តរជាតិផ្អែកលើវិធានច្បាប់ ដែលជួយតម្រង់ទិសប្រទេសទាំងពីរឱ្យឈានទៅរកសន្ធិសញ្ញាផ្លូវការមួយ។ 
តុលាការអាជ្ញាកណ្ដាលអចិន្ត្រៃយ៍ (PCA) គឺជាអង្គការអន្តររដ្ឋាភិបាលដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៩៩ តាមអនុសញ្ញាក្រុងឡាហេ និងមានរដ្ឋភាគីចំនួន ១២៩។ PCA មានស្នាក់ការកណ្តាលនៅវិមានសន្តិភាព (Peace Palace) ទីក្រុងឡាហេ ប្រទេសហូឡង់ ហើយបំពេញភារកិច្ចជាលេខាធិការដ្ឋាន (Registry) រៀបចំកិច្ចដំណើរការសម្រុះសម្រួលនេះតាមការព្រមព្រៀងនៃភាគីទាំងពីរ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Neth Pheaktra
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Neth Pheaktra