The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

ក្រសួងបរិស្ថាន និង UNDP ប្តេជ្ញាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ជំរុញការអភិវឌ្ឍបៃតង និងកិច្ចការពារធនធានធម្មជាតិនៅកម្ពុជា

ក្រសួងបរិស្ថាន និង UNDP ប្តេជ្ញាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ជំរុញការអភិវឌ្ឍបៃតង និងកិច្ចការពារធនធានធម្មជាតិនៅកម្ពុជា
ភ្នំពេញ, ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិឱ្យមានចីរភាព។ ការប្តេជ្ញានេះធ្វើឡើងក្នុង «កិច្ចសន្ទនាភាពជាដៃគូ» កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។

នៅក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ UNDP ក្នុងនាមជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់។ ឯកឧត្តមបានសង្កត់ធ្ងន់ថា នេះគឺជាជំហានថ្មីមួយក្នុងការជំរុញការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨» និង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា «យើងទាំងអស់គ្នា រួមគ្នាប្រែក្លាយការប្តេជ្ញាចិត្តបរិស្ថាន និងអាកាសធាតុរបស់កម្ពុជា ឱ្យទៅជាការវិនិយោគជាក់ស្តែង និងលទ្ធផលស្ថិតស្ថេរយូរអង្វែងសម្រាប់ប្រជាជន ធម្មជាតិ និងជំនាន់ក្រោយ»។

លោក Enrico Gaveglia នាយកប្រចាំប្រទេសនៃអង្គការ UNDP ប្រចាំកម្ពុជា បានបង្ហាញនូវជំហរគាំទ្រយ៉ាងពេញទំហឹងចំពោះរបៀបវារៈបៃតងរបស់កម្ពុជា។ លោកបានបញ្ជាក់ថា UNDP ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយកម្ពុជាលើការវិនិយោគបៃតង និងការកសាងភាពស៊ាំនឹងការប្រែប្រួលអាកាសធាតុ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Ministry of Environmentប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Ministry of Environment
តាមរបាយការណ៍ បច្ចុប្បន្នភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរមានសន្ទុះយ៉ាងខ្លាំងក្លា។ ក្នុងនោះ គម្រោងកំពុងអនុវត្តមានចំនួន ១៥ គម្រោង ដែលគ្របដណ្តប់លើវិស័យសំខាន់ៗដូចជា ការគ្រប់គ្រងសំណល់ សេដ្ឋកិច្ចវិលជុំ ការអភិរក្សជីវៈចម្រុះ និងទីផ្សារកាបូន (មាត្រា ៦)។ គម្រោង និងគំនិតផ្តួចផ្តើមចំនួន ២០ ទៀតកំពុងរៀបចំឡើង ជាមួយនឹងកញ្ចប់ថវិកាសរុបប្រមាណ ៤៧,២៥ លានដុល្លារអាមេរិក។ ក្នុងនោះ ថវិកាប្រមាណ ៤០,០៤ លានដុល្លារ ត្រូវបានគាំទ្រ និងចុះកិច្ចសន្យារួចរាល់ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥។

កិច្ចសហប្រតិបត្តិការនេះ ក៏ផ្តោតសំខាន់លើការរៀបចំផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (CCCSP 2024-2033) និងការបំពេញកាតព្វកិច្ចអន្តរជាតិ តាមរយៈការធ្វើបច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ (NDC 2.0 និង NDC 3.0)។ គោលដៅធំគឺដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈដំណោះស្រាយផ្អែកលើធម្មជាតិ និងហិរញ្ញវត្ថុប្រកបដោយចីរភាព។

ជាជំហានបន្ទាប់ ក្រសួងបរិស្ថានគ្រោងនឹងដាក់សំណើជាក់លាក់ជូន UNDP ដើម្បីកៀរគរធនធានបន្ថែម សម្រាប់កម្មវិធីអាទិភាពដែលនឹងត្រូវអនុវត្តក្នុងឆ្នាំបន្តបន្ទាប់ សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3