National

1 hour agoLim_Rothanaksambath

UNDP និងកម្មវិធីស្បៀងអាហារពិភពលោក ចាប់ដៃគ្នាពង្រឹងប្រព័ន្ធប្រកាសអាសន្នជាមុននៅកម្ពុជា

UNDP និងកម្មវិធីស្បៀងអាហារពិភពលោក ចាប់ដៃគ្នាពង្រឹងប្រព័ន្ធប្រកាសអាសន្នជាមុននៅកម្ពុជា
ភ្នំពេញ, ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦៖ ក្នុងគោលដៅបង្កើនសមត្ថភាពការពារពលរដ្ឋពីគ្រោះមហន្តរាយធម្មជាតិ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូថ្មីមួយ ដើម្បីអនុវត្តគម្រោង «ការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា (Early Warnings for All)» សម្រាប់ដំណាក់កាលឆ្នាំ ២០២៦–២០៣០។

កិច្ចព្រមព្រៀងដែលបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នេះ ទទួលបានការគាំទ្រផ្នែកហិរញ្ញប្បទានពី មូលនិធិអាកាសធាតុបៃតង (Green Climate Fund - GCF)។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រសកលរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres ដែលចង់ធានាថា មនុស្សគ្រប់រូបនៅលើផែនដី ត្រូវតែទទួលបានការការពារតាមរយៈប្រព័ន្ធប្រកាសអាសន្នឱ្យបានមុនត្រឹមឆ្នាំ ២០២៧។

គម្រោងរយៈពេល ៥ឆ្នាំនេះ នឹងផ្ដោតសំខាន់លើសសរស្តម្ភយុទ្ធសាស្ត្រចំនួនពីរ៖
១. ប្រព័ន្ធ PRISM៖ ពង្រឹងការគ្រប់គ្រងព័ត៌មានហានិភ័យ និងការចែករំលែកទិន្នន័យតាមរយៈ «ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ» (Platform for Real-time Information and Situation Monitoring)។ ប្រព័ន្ធនេះនឹងជួយឱ្យរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ អាចធ្វើការសម្រេចចិត្តបានច្បាស់លាស់ និងទាន់ពេល។

២. កិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន (SRSP)៖ ការភ្ជាប់ទិន្នន័យព្យាករណ៍អាកាសធាតុ ទៅនឹងយន្តការផ្តល់ជំនួយសង្គ្រោះ។ មានន័យថា នៅពេលមានការប្រកាសអាសន្ន ជំនួយនឹងត្រូវបញ្ជូនទៅដល់ដៃពលរដ្ឋងាយរងគ្រោះ មុនពេលគ្រោះមហន្តរាយមកដល់ ឬក្នុងអំឡុងពេលវិបត្តិ ដើម្បីកាត់បន្ថយផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត។

តំណាងអង្គការសហប្រជាជាតិបានគូសបញ្ជាក់ថា កិច្ចសហការរវាង UNDP និង WFP គឺជាការរួមបញ្ចូលគ្នានូវជំនាញបច្ចេកទេស និងបទពិសោធន៍លើវិស័យស្បៀងអាហារ និងការអភិវឌ្ឍ ដើម្បីគាំទ្រដល់អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក UNDP Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក UNDP Cambodia
កម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះខ្លាំងជាងគេដោយសារការប្រែប្រួលអាកាសធាតុ ជាពិសេសគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។ នាពេលកន្លងមក ក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) បានខិតខំពង្រឹងប្រព័ន្ធ «១២៩៤» ដែលជាប្រព័ន្ធប្រកាសអាសន្នតាមទូរស័ព្ទ។ គម្រោងថ្មីរបស់ UNDP និង WFP នេះ នឹងមកបំពេញបន្ថែមលើសមិទ្ធផលដែលមានស្រាប់ ដើម្បីឱ្យការព្យាករណ៍កាន់តែមានសុក្រឹតភាពខ្ពស់៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2