The Khmer Daily Network Logo

National

3 hours agoLim_Rothanaksambath

កម្ពុជា អបអរខួបទី៩ នៃការបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជី UNESCO ស្របយុទ្ធនាការ ទស្សនាកម្ពុជារដូវកាលបៃតង

កម្ពុជា អបអរខួបទី៩ នៃការបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជី UNESCO ស្របយុទ្ធនាការ ទស្សនាកម្ពុជារដូវកាលបៃតង
ភ្នំពេញ, ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦៖ ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គនៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈ ចេនឡាមុនសម័យអង្គរ» ដើម្បីអបអរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦) និងផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍វប្បធម៌ បេតិកភណ្ឌ ធម្មជាតិ និងជំរុញកំណើនភ្ញៀវទេសចរ ស្របនឹងការអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី៥ ខែកក្កដា កន្លងទៅ។
រូបភាព៖ ទំព័រហ្វេសប៊ុក មន្ទីរទេសចរណ៍ ខេត្តកំពង់ធំ និង Huot Hak ហួត ហាក់រូបភាព៖ ទំព័រហ្វេសប៊ុក មន្ទីរទេសចរណ៍ ខេត្តកំពង់ធំ និង Huot Hak ហួត ហាក់

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា អ្នកចូលរួមព្រឹត្តិការណ៍នេះ មានចំនួនច្រើនលើសការរំពឹងទុក ដែលនេះគឺជាកម្លាំងរួបរួម និងការគាំទ្រចេញពីទឹកចិត្តក្នុងការស្រឡាញ់សម្បត្តិបេតិកភណ្ឌវប្បធម៌ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ ជាពិសេស ការចូលរួមលើកកម្ពស់វិស័យទេសចរណ៍ ស្របតាមទស្សនាទាន “ទេសចរណ៍ ផ្សារភ្ជាប់នឹងទឹកដី” “ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី” ជាពិសេស លើកកម្ពស់កិត្តិនាមកម្ពុជា និងចូលរួមបង្ហាញទៅកាន់ពិភពលោកថា “កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្ដល់នូវភាពកក់ក្ដៅ និងបដិសណ្ឋារកិច្ចល្អ” ដែលស្វាគមន៍ការមកកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងទេសចរអន្តរជាតិមកពីទូទាំងសកលលោក។

ដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក និងជួយដល់សេដ្ឋកិច្ចមូលដ្ឋាន ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តបងប្អូនទាំងអស់ ព្រមទាំងក្រុមគ្រួសារធ្វើដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍ដ៏សម្បូរបែបនៅកម្ពុជា ជាពិសេសនៅរដូវកាលបៃតង (Green Season) ពីខែឧសភារហូតដល់ខែតុលា ដែលកម្ពុជាមានទេសភាពដ៏ស្រស់បំព្រងនៅរដូវកាលនេះ។

គួររំលឹកឱ្យដឹងផងដែរថា នៅក្នុងព្រឹត្តិការណ៍ដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងតំណាងក្រសួង ស្ថាប័ន, សមាគមឧស្សាហកម្មទេសចរណ៍, ក្រុមហ៊ុនឧបត្ថម្ភ និងផ្នែកឯកជន, ប្អូនៗ ក្មួយៗ អ្នកផលិតមាតិកាព័ត៌មាន Influencers, KOLs ព្រមទាំងបងប្អូនកីឡាករ កីឡាការិនី ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលសរុបអ្នកចូលរួមទាំងអស់ប្រមាណ ២.០០០នាក់ ក្នុងនោះអ្នកចូលរួមព្រឹត្តិការណ៍ជិះកង់ ចម្ងាយ ៣០គីឡូម៉ែត្រ មានអ្នកចូលរួមប្រមាណ ១.០០០នាក់ ដែលមានកីឡាករបរទេស ចំនួន ៣សញ្ជាតិ (អាល្លឺម៉ង់, ទុយណេស៊ី, និងអាលហ្សេរី) និងព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គ (៤២គ.ម., ២១ គ.ម., ៩ គ.ម.) អ្នកចូលរួមប្រមាណ ១.០០០នាក់ ដែលមានកីឡាករបរទេស ចំនួន ១៥ សញ្ជាតិ៖ អាម៉េរិក, ចិន, ជប៉ុន, បារាំង, កូរ៉េខាងត្បូង, រុស្ស៊ី, នូវែលហ្សេឡង់, ហូឡង់, ឈីលី, ឥណ្ឌូនេស៊ី, វៀតណាម, ហ្វីលីភីន, ស្រីលង្កា, មីយ៉ាន់ម៉ា, អ៊ុយក្រែន៕

ពីសារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3