National

1 hour agoLim_Rothanaksambath

UNESCO ផ្សព្វផ្សាយរបាយការណ៍វាយតម្លៃការខូចខាតប្រាសាទព្រះវិហារ របស់បេសកកម្មប្រឹក្សាយោបល់ WHC-ICOMOS

UNESCO ផ្សព្វផ្សាយរបាយការណ៍វាយតម្លៃការខូចខាតប្រាសាទព្រះវិហារ របស់បេសកកម្មប្រឹក្សាយោបល់ WHC-ICOMOS
ភ្នំពេញ, ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦៖ របាយការណ៍ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក (WHC) នៃអង្គការយូណេស្កូ (UNESCO) ផ្សព្វផ្សាយជាផ្លូវការនៅលើគេហទំព័ររបស់ខ្លួនហើយ។ ការផ្សព្វផ្សាយនេះធ្វើឡើងតាមការអញ្ជើញរបស់រដ្ឋភាគីកម្ពុជា និងក្រោមការសម្របសម្រួលយ៉ាងជិតស្និទ្ធពីសំណាក់អាជ្ញាធរ និងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។

របាយការណ៍ផ្លូវការនេះមានចំណងជើងថា របាយការណ៍បេសកកម្មប្រឹក្សាយោបល់រួមរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងក្រុមប្រឹក្សាអន្តរជាតិនៃប្រាសាទ និងរមណីយដ្ឋាន នៅប្រាសាទព្រះវិហារ «JOINT WHC-ICOMOS ADVISORY MISSION TO THE TEMPLE OF PREAH VIHEAR (CAMBODIA)»។
សាធារណជន ស្រាវជ្រាវ និងប្រព័ន្ធផ្សព្វផ្សាយ អាចចូលទៅអាន និងទាញយកឯកសាររបាយការណ៍បច្ចេកទេសពេញលេញនេះបាននៅលើគេហទំព័រផ្លូវការរបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក (WHC)។

សូមចុចតំណរភ្ជាប់ខាងក្រោមនេះ ដើម្បីចូលទៅអានរបាយការណ៍បេសកកម្មប្រឹក្សាយោបល់រួមរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងក្រុមប្រឹក្សាអន្តរជាតិនៃប្រាសាទ និងរមណីយដ្ឋាន នៅប្រាសាទព្រះវិហារ «JOINT WHC-ICOMOS ADVISORY MISSION TO THE TEMPLE OF PREAH VIHEAR (CAMBODIA)» លើគេហទំព័រ https://whc.unesco.org/en/list/1224/documents/

សូមជម្រាបឱ្យដឹងផងដែរថា ក្រុមអ្នកជំនាញអន្តរជាតិនៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក (WHC) និងក្រុមប្រឹក្សាអន្តរជាតិនៃប្រាសាទ និងរមណីយដ្ឋាន (ICOMOS) បានចុះបេសកកម្មប្រឹក្សាយោបល់បច្ចេកទេសដោយផ្ទាល់នៅរមណីយដ្ឋានប្រាសាទព្រះវិហារ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ តាមការអញ្ជើញផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា។

បេសកកម្មនេះមានគោលដៅវាយតម្លៃពីស្ថានភាពបច្ចុប្បន្ននៃការរក្សាទុក និងផលប៉ះពាល់លើតម្លៃលេចធ្លោជាសកល (Outstanding Universal Value - OUV) បន្ទាប់ពីប្រាសាទព្រះវិហារបានទទួលរងការខូចខាតរចនាសម្ព័ន្ធមួយចំនួនដោយសារការប៉ះទង្គិចអាវុធនៅតំបន់ព្រំដែនកាលពីឆ្នាំ២០២៥។

Inline image
កម្ពុជា ដោយមានការគាំទ្រពីមូលនិធិសង្គ្រោះបន្ទាន់ផ្នែកបេតិកភណ្ឌរបស់យូណេស្កូ (UNESCO’s Heritage Emergency Fund) និងដៃគូអន្តរជាតិ បានអនុវត្តវិធានការសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់ រួមមាន៖ ការបោសសំអាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការថតចម្លងប្លង់ និងទិន្នន័យ 3D នៃប្រាសាទ ព្រមទាំងការរៀបចំផែនការសកម្មភាពអភិរក្ស និងជួសជុលក្នុងរយៈពេលវែង៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
Photo: UNESCO
Photo: UNESCO