National

• 1 hour ago• Lim_Rothanaksambath

UNFCCC សរសើរកម្ពុជាក្នុងនាមម្ចាស់ផ្ទះវេទិកា AI for Climate Action Forum 2026 ខណៈត្រៀមយកលទ្ធផលទៅជជែកក្នុង COP31 នៅតួកគីយ៉េ ចុងឆ្នាំ

UNFCCC សរសើរកម្ពុជាក្នុងនាមម្ចាស់ផ្ទះវេទិកា AI for Climate Action Forum 2026 ខណៈត្រៀមយកលទ្ធផលទៅជជែកក្នុង COP31 នៅតួកគីយ៉េ ចុងឆ្នាំ
ភ្នំពេញ, ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦៖ វេទិកា «បញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦» (AI for Climate Action Forum 2026) បានបញ្ចប់ទៅកាលពីល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល សមាជិកគណៈកម្មាធិការប្រតិបត្តិបច្ចេកវិទ្យានៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC TEC) តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា តំណាងទីភ្នាក់ងារ KOICA ព្រមទាំងអ្នកជំនាញជាតិ និងអន្តរជាតិជាច្រើនរូប។

វេទិការយៈពេល ២ថ្ងៃនេះ គឺថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២៦ បានទទួលលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ដោយបានកំណត់នូវគោលនយោបាយ និងយុទ្ធសាស្ត្រច្បាស់លាស់ស្តីពីការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) លើវិស័យសំខាន់ៗ ដូចជា វិស័យថាមពល និងឧស្សាហកម្ម, កសិកម្ម និងព្រៃឈើ រួមទាំង ការគ្រប់គ្រងសំណល់ផងដែរ។

ការធ្វើសមាហរណកម្មបច្ចេកវិទ្យា AI ទៅក្នុងផែនការជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ត្រូវបានចាត់ទុកថា ជាកត្តាចាំបាច់ដើម្បីសម្រេចឱ្យបាននូវមហិច្ឆតារបស់ប្រទេសនីមួយៗ ព្រមទាំងជួយបង្កើនលទ្ធភាពនៃការទាក់ទាញ ហិរញ្ញប្បទានអាកាសធាតុ ផងដែរ។ លទ្ធផល និងអនុសាសន៍ពីវេទិកានៅរាជធានីភ្នំពេញនេះ នឹងត្រូវយកទៅប្រើប្រាស់ជា គោលជំហររួមរបស់កម្ពុជា និងដៃគូ សម្រាប់កិច្ចចរចាក្នុងសន្និសីទ COP31 ដែលនឹងប្រព្រឹត្តទៅនៅប្រទេសតួកគីយ៉េ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។

ទន្ទឹមនឹងភាពជោគជ័យនេះ លេខាធិការដ្ឋាននៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) បានចេញសេចក្តីថ្លែងការណ៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់យ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងបរិស្ថាន ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ កិច្ចសហការយ៉ាងជិតស្និទ្ធ និងការគាំទ្រដ៏មានតម្លៃក្នុងការរៀបចំវេទិកានេះឱ្យប្រព្រឹត្តទៅដោយរលូន។

លេខាធិការដ្ឋាន UNFCCC បានគូសបញ្ជាក់ថា ការចូលរួមយ៉ាងសកម្ម ការចែករំលែកចំណេះដឹង និងទស្សនៈចម្រុះពីបណ្តាប្រទេសសមាជិក បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពអាកាសធាតុប្រកបដោយបរិយាបន្ន និងឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្លាស់ប្តូរចំណេះដឹងផ្នែកបច្ចេកវិទ្យា។

ក្នុងពិធីបិទកាលពីពេលកន្លងទៅ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យគណៈកម្មាធិការប្រតិបត្តិបច្ចេកវិទ្យា (TEC) និងមជ្ឈមណ្ឌលបច្ចេកវិទ្យាអាកាសធាតុ (CTCN) បន្តផ្តល់ការគាំទ្រទាំងផ្នែកគោលនយោបាយ និងការអនុវត្តជាក់ស្តែង។ ឯកឧត្តមលើកទឹកចិត្តឱ្យប្រទេសនីមួយៗត្រូវកំណត់តម្រូវការជាក់ស្តែងរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីឱ្យដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ និងអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាប្រែក្លាយតម្រូវការទាំងនោះទៅជាគម្រោងស្នើសុំ និងភាពជាដៃគូយូរអង្វែង។

ក្នុងនោះផងដែរ ព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាថ្មីនូវការស្វាគមន៍ចំពោះរាល់កិច្ចសហប្រតិបត្តិការនានា ដើម្បីជំរុញការប្រើប្រាស់កម្មវិធី AI ឱ្យស្របតាមបរិបទក្នុងស្រុក ព្រមទាំងបន្តពង្រឹងការផ្លាស់ប្តូរចំណេះដឹង ការកសាងសមត្ថភាព និងភាពជាដៃគូយុទ្ធសាស្ត្រប្រកបដោយចីរភាព៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Ministry of Environment
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Ministry of Environment