National
• 2 hours ago• Lim_Rothanaksambath
ស្ត្រី និងក្មេងស្រីរងផលប៉ះពាល់នៅព្រំដែនកម្ពុជា-ថៃ ទទួលកញ្ចប់សម្ភារៈអនាម័យ និងសម្ភារៈចាំបាច់ ៥០០០កញ្ចប់ ពីរដ្ឋាភិបាលជប៉ុន និង UNFPA

ភ្នំពេញ, ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦៖ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង ឯកឧត្តម អ៊ីស៊ីហ្ស៊ុគិ ហ៊ីដេអុ ឯកអគ្គរាជទូតជប៉ុន រួមជាមួយមន្ត្រីពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងប្រគល់កញ្ចប់សម្ភារៈប្រើប្រាស់ចាំបាច់ ជូនដល់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅក្នុងទីជម្រកសុវត្ថិភាព និង «ភូមិរង់ចាំ» នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ខេត្តបន្ទាយមានជ័យ។
ការចុះផ្ទាល់នេះធ្វើឡើងក្នុងស្មារតីយកចិត្តទុកដាក់ និងការគិតគូរខ្ពស់ចំពោះសុខុមាលភាពរបស់ស្ត្រី កុមារ និងក្រុមគ្រួសារ ដែលកំពុងជួបការលំបាក និងប្រឈមមុខនឹងស្ថានភាពមិនប្រាកដប្រជា ដោយសារតែផលប៉ះពាល់ពីទំនាស់ព្រំដែនកម្ពុជា-ថៃ។
ក្នុងនោះ កញ្ចប់ប្រើប្រាស់ចាំបាច់សម្រាប់ស្ត្រី និងក្មេងស្រី (Dignity Kits) ដែលជាអំណោយឧបត្ថម្ភគាំទ្រដោយ អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) រួមជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុន ក្នុងកិច្ចសហប្រតិបត្តិការជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ត្រូវបានប្រគល់ជូនដល់ស្ត្រី និងក្មេងស្រីរងផលប៉ះពាល់នៅព្រំដែនកម្ពុជា-ថៃ។
កញ្ចប់សម្ភារៈអនាម័យ និងសម្ភារៈចាំបាច់ទាំងនេះ ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបចំពោះតម្រូវការបន្ទាន់ ជួយការពារឯកជនភាព សុខភាព និងរក្សាសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងកុមារីភៀសសឹក។
ថ្លែងក្នុងពិធីសំណេះសំណាល លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានសម្តែងនូវការគាំទ្រ និងការអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ព្រមទាំងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការការពារសិទ្ធិ សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ស្ត្រី និងកុមារ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Ministry of Women's Affairs of Cambodia និង Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជាលោកជំទាវរដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់យន្តការ ការទូតពហុភាគី និងទ្វេភាគី ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចការគាំពារដែលមានស្រាប់ ដើម្បីដោះស្រាយភាពតានតឹងដោយសន្តិវិធី។ គោលដៅចម្បងបំផុត គឺដើម្បីធានាឱ្យបងប្អូនប្រជាពលរដ្ឋអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញដោយសុវត្ថិភាព បានជួបជុំក្រុមគ្រួសារ និងស្តារជីវភាពរស់នៅឡើងវិញប្រកបដោយទំនុកចិត្ត និងក្តីសង្ឃឹម។
មុនពេលអញ្ជើញដល់ខេត្តបន្ទាយមានជ័យ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន អ៊ីស៊ីហ្ស៊ុគិ ហ៊ីដេអុ ក៏បានអញ្ជើញចុះពិនិត្យមើលស្ថានភាពតំបន់ព្រំដែនដោយផ្ទាល់ នៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះផងដែរ។
គួររំលឹកផងដែរថា ក្រោមមូលនិធិគាំទ្ររបស់រដ្ឋាភិបាលជប៉ុន អង្គការ UNFPA មានផែនការចែកជូនកញ្ចប់សម្ភារៈនេះចំនួន ៥.០០០ កញ្ចប់ ដល់ពលរដ្ឋរងគ្រោះនៅតាមបណ្តាខេត្តគោលដៅ រួមមាន៖ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



