The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

ក្រសួងសុខាភិបាល និង UNOPS ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជា

ក្រសួងសុខាភិបាល និង UNOPS ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជា
ភ្នំពេញ, ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦៖ ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទទួលបន្ទុកសេវាកម្មគម្រោង (UNOPS) បានបង្ហាញជំហររួមគ្នាក្នុងការបន្តរឹតចំណងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួត ជាពិសេសលើការគ្រប់គ្រងលទ្ធកម្មវេជ្ជសាស្ត្រ និងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ជាក់ស្តែង កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអង្គការ UNOPS ដែលដឹកនាំដោយលោកស្រី Eda Kraja ប្រធានតំណាងអង្គការនេះប្រចាំកម្ពុជា។

ក្នុងជំនួបនោះ លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNOPS ដែលជាដៃគូយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការគាំទ្រដល់កម្មវិធីសុខាភិបាលជាតិ ដោយផ្តោតសំខាន់ទៅលើ កម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់, កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងជំងឺរបេង និងការជួយសម្របសម្រួលផ្នែកលទ្ធកម្មសម្ភារៈ និងឧបករណ៍វេជ្ជសាស្ត្រ ជាពិសេសក្នុងអំឡុងពេលនៃការឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩ កន្លងមក។

ក្នុងនោះ លោកស្រី Eda Kraja បានជម្រាបជូនអំពីវឌ្ឍនភាពនៃកម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់ (RAI4E) ដែលអនុវត្តដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ (CNM)។ បន្ថែមពីនេះ UNOPS ក៏បានបន្តគាំទ្រផ្នែកលទ្ធកម្មឱសថ និងបរិក្ខារសម្រាប់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) ព្រមទាំងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) ក្រោមជំនួយឧបត្ថម្ភពីមូលនិធិសកល (Global Fund) ផងដែរ។

ភាគីទាំង២ បានចំណាយពេលពិភាក្សាយ៉ាងស៊ីជម្រៅលើការងារបច្ចេកទេស ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងរយៈពេលដែលនៅសល់នៃឆ្នាំ២០២៦ រួមមាន៖ ការពង្រឹងប្រព័ន្ធគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់ ដើម្បីធានាថា ឱសថ និងបរិក្ខារវេជ្ជសាស្ត្រត្រូវទៅដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពបានទាន់ពេលវេលា, តម្លាភាពក្នុងលទ្ធកម្ម ការប្រើប្រាស់ទិន្នន័យដើម្បីព្យាករណ៍តម្រូវការឱ្យបានសុក្រឹត និងការប្រើប្រាស់ថវិកាឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត និងការគ្រប់គ្រងស្តុក ដោះស្រាយបញ្ហាប្រឈមនានាដែលពាក់ព័ន្ធនឹងការរក្សាទុក និងការចែកចាយសម្ភារៈសុខាភិបាល។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
លោកជំទាវ យក់ សម្បត្តិ បានសង្កត់ធ្ងន់ថា តួនាទីរបស់ UNOPS គឺមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ “តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព” ក្នុងការគ្រប់គ្រងលទ្ធកម្មសុខាភិបាលនៅកម្ពុជា។ ភាគីទាំង២ បានប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រឹងភាពជាដៃគូឱ្យកាន់តែរឹងមាំ ដើម្បីរួមចំណែកដល់ការកសាងប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែមានភាពធន់ និងផ្តល់សេវាប្រកបដោយគុណភាពជូនប្រជាពលរដ្ឋ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3