National

• 2 hours ago• Lim_Rothanaksambath

សម្តេចធិបតី អញ្ជើញជាអធិបតីភាពបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ាន (VECONAC) លើកទី២៥ ខណៈកម្ពុជាទទួលបន្ទុកធ្វើម្ចាស់ផ្ទះលើកទី២

សម្តេចធិបតី អញ្ជើញជាអធិបតីភាពបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ាន (VECONAC) លើកទី២៥ ខណៈកម្ពុជាទទួលបន្ទុកធ្វើម្ចាស់ផ្ទះលើកទី២
ភ្នំពេញ, ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦៖ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបើក «មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥» នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នេះ ។


ការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត VECONAC លើកទី២៥ រួមជាមួយកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍លើកទី២ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូងកាលពីឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

ការរៀបចំមហាសន្និបាត VECONAC នេះ បានផ្តល់នូវឱកាសយ៉ាងសំខាន់សម្រាប់អតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង​សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអង្គការ សមាគមអតីតយុទ្ធជននៃបណ្តាប្រទេសអាស៊ាន ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ លើ​កកម្ពស់សុខុ​មា​ល​ភាពអតីតយុទ្ធជន និងជំរុញការចូលរួមរបស់អតីតយុទ្ធជនក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសង្គម ការកសាង​​សហគមន៍អាស៊ានប្រកប​ដោ​យ​​ភាព​រឹងមាំ និងចីរភាព។

ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កម្ពុជាបានបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈយ៉ាងរឹងមាំ ដែលជាផ្លែផ្កាបានមកពី «នយោបាយឈ្នះ ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន តាំងពីចុងឆ្នាំ១៩៩៨ ព្រមទាំងការធ្វើពលីកម្មដ៏ធំធេងរបស់អតីតយុទ្ធជនកម្ពុជាក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន។


បន្តពីមូលដ្ឋានគ្រឹះនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ និងកំពុងអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដោយយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ជីវភាព សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់អតីតយុទ្ធជន និវត្តជន ជនមានពិការភាព និងគ្រួសារជនពលី មរណៈ តាមរយៈការផ្តល់របបសន្តិសុខសង្គម និងសេវាថែទាំសុខភាពឥតគិតថ្លៃ ការឧបត្ថម្ភគាំពារដល់គ្រួសារជនពលី និងមរណៈ ការផ្តល់ដីសម្បទានសង្គមកិច្ច និងការសាងសង់លំនៅឋាន ការផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលជំនាញដល់កូន និងអ្នកនៅក្នុងបន្ទុក ការអភិវឌ្ឍ «ភូមិដ្ឋានអតីតយុទ្ធជន និងនិវត្តជន» ដើម្បីធានាឱ្យគ្រួសារអតីតយុទ្ធជនមានលទ្ធភាពបង្កើតមុខរបរ និងលើកកម្ពស់ជីវភាពរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។


សមាគមត្រូវបានបង្កើតឡើងដំបូងក្រោមឈ្មោះ «សមាគមអតីតយុទ្ធជនកម្ពុជា» តាមរយៈមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី១ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧។ ក្នុងរយៈពេលប្រមាណ ១៩ ឆ្នាំកន្លងមកនេះ សមាគមបានធ្វើការកែសម្រួលបទដ្ឋានគតិយុត្ត លក្ខន្តិកៈ និងរចនាសម្ព័ន្ធដឹកនាំជាបន្តបន្ទាប់។ ពិសេសជាងនេះទៅទៀត ដោយមានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោប្រធាន វិសាលភាពរបស់សមាគមត្រូវបានពង្រីកដោយបញ្ចូលនិវត្តជនជាអតីតមន្ត្រីរាជការស៊ីវិល និងបានសម្រេចប្តូរឈ្មោះផ្លូវការទៅជា «សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» ដើម្បីតបស្នង និងផ្តល់តម្លៃដល់គុណបំណាច់ដ៏ធំធេងរបស់អ្នកដែលបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីក្នុងការបម្រើជាតិ។


គួរឱ្យដឹងផងដែរថា សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩ build 1980។ បច្ចុប្បន្ន VECONAC មានសមាជិកពេញសិទ្ធិចំនួន ១០ ប្រទេសនៅក្នុងតំបន់អាស៊ាន។


សម្រាប់អាណត្តិឆ្នាំ២០២៦ នេះ កម្ពុជាទទួលធ្វើជាប្រធានប្តូរវេន VECONAC ដោយមាន ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បំពេញភារកិច្ចជាប្រធាន VECONAC ប្រចាំឆ្នាំ២០២៦៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3