National

• 1 hour ago• Lim_Rothanaksambath

កម្ពុជា បង្ហាញសក្ដានុពលនៃការធ្វើបរិវត្តកម្មឌីជីថល និងថ្នាល «Verify» នៅលើឆាកអន្តរជាតិក្នុងព្រឹត្តិការណ៍ Lao Digital Week 2026

កម្ពុជា បង្ហាញសក្ដានុពលនៃការធ្វើបរិវត្តកម្មឌីជីថល និងថ្នាល «Verify» នៅលើឆាកអន្តរជាតិក្នុងព្រឹត្តិការណ៍ Lao Digital Week 2026
ភ្នំពេញ, ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦៖ កម្ពុជាបានបន្តបង្ហាញពីវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃវិស័យឌីជីថលជាតិនៅលើឆាកតំបន់ ដោយតំណាងជាន់ខ្ពស់រាជរដ្ឋាភិបាលបានអញ្ជើញចូលរួម និងចែករំលែកបទពិសោធន៍ក្នុងព្រឹត្តិការណ៍ «Lao Digital Week 2026» ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

នៅក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់ដ៏មានសារៈសំខាន់នេះ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូក្រសួង ព្រមទាំងតំណាងធុរកិច្ចឌីជីថលកម្ពុជា ចូលរួមយ៉ាងសកម្មដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងបង្ហាញពីសក្ដានុពលនៃការធ្វើបរិវត្តកម្មឌីជីថលរបស់កម្ពុជា។

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញធ្វើជាវាគ្មិនកិត្តិយសនៅក្នុងវេទិការបស់ថ្នាក់ដឹកនាំកម្រិតខ្ពស់ ដោយបានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយស្តីពីវឌ្ឍនភាពនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលកម្ពុជា។

Inline image
បទបង្ហាញបានផ្តោតជាសំខាន់លើគោលនយោបាយ គំនិតផ្តួចផ្តើម និងសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ជាពិសេសគឺការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលដ៏មានប្រសិទ្ធភាព ដូចជា ថ្នាលផ្ទៀងផ្ទាត់ឯកសារ (Verify.gov.kh) ជាដើម។

ជាមួយគ្នានេះ គណៈប្រតិភូ និងក្រុមធុរកិច្ចថ្មីឌីជីថល (Digital Startups) របស់កម្ពុជា ក៏បានរៀបចំស្តង់តាំងពិព័រណ៍ឌីជីថល ដើម្បីដាក់បង្ហាញផលិតផល សេវាកម្ម បច្ចេកវិទ្យា និងថ្នាលឌីជីថលសំខាន់ៗជូនដល់អ្នកចូលរួមអន្តរជាតិបានស្គាល់ផងដែរ។

បន្ថែមពីលើនេះ ឆ្លៀតក្នុងឱកាសនៃការចូលរួមព្រឹត្តិការណ៍នេះ ឯកឧត្តម សូ វិសុទ្ធី ក៏បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Keo Visouk អនុរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា និងសារគមនាគមន៍ (MTC) នៃប្រទេសឡាវ។

កិច្ចប្រជុំទ្វេភាគីនេះ បានផ្តោតលើការរៀបចំយន្តការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ និងឌីជីថល ការផ្លាស់ប្តូរបទពិសោធន៍នៃការធ្វើបរិវត្តកម្មឌីជីថលរវាងរដ្ឋ និងរដ្ឋ ព្រមទាំងការបើកផ្លូវ និងពង្រីកកិច្ចសហការរវាងធុរកិច្ចថ្មីឌីជីថលនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ឱ្យកាន់តែមានចីរភាព៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3