National
• 1 day ago• Lim_Rothanaksambath
នាវាទេសចរណ៍អន្តរជាតិ VIKING ORION នាំភ្ញៀវទេសចរជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជំរុញកំណើនទេសចរណ៍ផ្លូវទឹក

ភ្នំពេញ, ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦៖ វិស័យទេសចរណ៍ផ្លូវទឹករបស់ព្រះរាជាណាចក្រកម្ពុជា បន្តបង្ហាញសញ្ញាណវិជ្ជមានយ៉ាងខ្លាំង ដោយនាវាទេសចរណ៍អន្តរជាតិដ៏ធំមួយគ្រឿង ឈ្មោះ VIKING ORION សញ្ជាតិណ័រវែស (Norway) បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ដោយសុវត្ថិភាព នាវេលាម៉ោង ៧:០៥ នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ដើម្បីនាំភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា។
យោងតាមរបាយការណ៍ផ្លូវការពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវាទេសចរណ៍អន្តរជាតិ VIKING ORION មានប្រវែងបណ្តោយ ២២៨.៣០ ម៉ែត្រ ប្រវែងទទឹង ២៨.៨០ ម៉ែត្រ ជម្រៅទឹក -៦.៨០ ម៉ែត្រ។ នាវាទេសចរណ៍ដ៏ប្រណីតនេះ បានធ្វើដំណើរចូលចតនៅកម្ពុជា បន្ទាប់ពីបានចាកចេញពីប្រទេសវៀតណាម។
Photo: Sihanoukville Autonomous Portនាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤៦៥ នាក់ (ស្រី ១១១ នាក់) មាន ៣៤ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៨៨៨ នាក់ (ស្រី ៤៧០ នាក់) មាន ១៤ សញ្ជាតិ។ ក្នុងនោះ សញ្ជាតិដែលមានចំនួនភ្ញៀវទេសចរណ៍ច្រើនជាងគេ គឺ សហរដ្ឋអាមេរិក ចំនួន ៧៣៦ នាក់ (ស្រី ៣៩៣ នាក់) ហើយនាវាទេសចរណ៍អន្តរជាតិនេះ នឹងចាកចេញទៅ ប្រទេសថៃ នាវេលាម៉ោង ២ រសៀល នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។
តាមការបញ្ជាក់ពីអាជ្ញាធរកំពង់ផែ ភ្ញៀវទេសចរទាំងអស់នឹងចំណាយពេលទស្សនាកម្ពុជារយៈពេល ១ ថ្ងៃ ដើម្បីទស្សនា និងស្វែងយល់ពីតំបន់រមណីយដ្ឋាន វប្បធម៌ និងតំបន់ឆ្នេរដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុ ព្រមទាំងតំបន់ក្បែរខាង៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



