National

• 2 hours ago• Lim_Rothanaksambath

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឧបត្ថម្ភស្បៀងជូននាវិកនាវា Villa Vie Odyssey ខណៈភ្ញៀវទេសចរកោតសរសើរសម្រស់ធម្មជាតិតំបន់ឆ្នេរខេត្តព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឧបត្ថម្ភស្បៀងជូននាវិកនាវា Villa Vie Odyssey ខណៈភ្ញៀវទេសចរកោតសរសើរសម្រស់ធម្មជាតិតំបន់ឆ្នេរខេត្តព្រះសីហនុ
ភ្នំពេញ, ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងរដ្ឋបាលខេត្តព្រះសីហនុ បានបន្តបង្ហាញពីបដិសណ្ឋារកិច្ច និងស្មារតីមនុស្សធម៌យ៉ាងកក់ក្តៅបំផុត ជូនដល់លោកកាពីតែន ក្រុមនាវិក និងភ្ញៀវទេសចរអន្តរជាតិនៃនាវាទេសចរណ៍អន្តរជាតិ Villa Vie Odyssey ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)។

តួយ៉ាង កាលពីវេលាម៉ោង ១១:០០ នាទីព្រឹក ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំ កសស បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ស្បៀងផ្លែឈើ ជូនដល់ លោក Emanuele Guidice បញ្ជាការកាពីតែន និងក្រុមនាវិកនៃនាវាទេសចរណ៍អន្តរជាតិ Villa Vie Odyssey។

ពិធីសំណេះសំណាល និងការឧបត្ថម្ភស្បៀងផ្លែឈើនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ រួសរាយរាក់ទាក់ ស្និទ្ធស្នាល ប្រកបដោយភាពកក់ក្តៅ សាមគ្គីភាព និងការចេះជួយយកអាសាគ្នាទៅវិញទៅមក ក្នុងនាមជាមនុស្សជាតិដូចគ្នា ដែលស្តែងឱ្យឃើញពីកាយវិការសប្បុរសធម៌ និងការទទួលរ៉ាប់រងយ៉ាងយកចិត្តទុកដាក់របស់កម្ពុជា។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក កំពង់ផែស្វយ័តក្រុងព្រះសីហនុ Sihanoukville Autonomous Port – PAS និង ក្រសួងទេសចរណ៍ Ministry of Tourism, Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក កំពង់ផែស្វយ័តក្រុងព្រះសីហនុ Sihanoukville Autonomous Port – PAS និង ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia
ស្របពេលជាមួយគ្នានេះ ភ្ញៀវទេសចរអន្តរជាតិនៃនាវា Villa Vie Odyssey បាននិងកំពុងបន្តដំណើរទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍យ៉ាងច្រើនសម្បូរបែប តាមបណ្តា តំបន់ឆ្នេរ និងកោះធម្មជាតិ នានាក្នុងខេត្តព្រះសីហនុ ប្រកបដោយក្តីសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់។ ភ្ញៀវទេសចរបរទេសជាច្រើន បានសម្តែងនូវក្តីរំភើប និងការកោតសរសើរយ៉ាងខ្លាំង ចំពោះសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល វប្បធម៌ដ៏សម្បូរបែប និងបដិសណ្ឋារកិច្ចដ៏រាក់ទាក់ពីសំណាក់ប្រជាជនកម្ពុជា។

ដំណើរទស្សនកិច្ចនេះ ទទួលបានការសម្របសម្រួល និងគាំទ្រយ៉ាងយកចិត្តទុកដាក់ពីសំណាក់ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរទេសចរណ៍ខេត្ត កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដោយមានមគ្គុទ្ទេសក៍ទេសចរណ៍អមដំណើរជាប្រចាំ ដើម្បីផ្តល់ការណែនាំពីលក្ខណៈពិសេសនៃគោលដៅនីមួយៗ ដើម្បីធានាថាភ្ញៀវទេសចរទទួលបាននូវបទពិសោធន៍ដ៏ល្អប្រសើរ និងអនុស្សាវរីយ៍មិនអាចបំភ្លេចបានពីព្រះរាជាណាចក្រកម្ពុជា៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3