National

1 hour agoLim_Rothanaksambath

ស្លាកស្នាមការខូចខាតនៃប្រាសាទព្រះវិហាររាប់ម៉ឺនបំណែក បង្កដោយគ្រាប់បែកយោធាថៃ ត្រូវផ្សព្វផ្សាយជាផ្លូវការឱ្យពិភពលោកដឹងលើគេហទំព័រ WHC

ស្លាកស្នាមការខូចខាតនៃប្រាសាទព្រះវិហាររាប់ម៉ឺនបំណែក បង្កដោយគ្រាប់បែកយោធាថៃ ត្រូវផ្សព្វផ្សាយជាផ្លូវការឱ្យពិភពលោកដឹងលើគេហទំព័រ WHC
ភ្នំពេញ, ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦៖ បន្ទាប់ពីមានការប៉ះទង្គិចគ្នាតាមផ្លូវអាកាស និងអាវុធក្នុងឆ្នាំ២០២៥ ដែលបានកើតឡើងនៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ អាជ្ញាធរកម្ពុជាបានស្នើសុំបេសកកម្មផ្តល់ប្រឹក្សាយោបល់បន្ទាន់រវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងអង្គការ ICOMOS ដើម្បីវាយតម្លៃពីផលប៉ះពាល់លើសម្បត្តិបេតិកភណ្ឌពិភពលោក «ប្រាសាទព្រះវិហារ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងតំបន់ជុំវិញផ្ទាល់របស់ប្រាសាទ។ គោលបំណងនៃបេសកកម្មបច្ចេកទេសនេះ គឺដើម្បីវិភាគស្ថានភាពដោយអនុឡោមតាមបទប្បញ្ញត្តិនៃអនុសញ្ញាបេតិកភណ្ឌពិភពលោកឆ្នាំ១៩៧២ និងដោយយោងតាមអនុសញ្ញាក្រុងឡាអេឆ្នាំ១៩៥៤ ក្នុងបរិបទនៃជម្លោះប្រដាប់អាវុធ។ គោលបំណងទូទៅនៃបេសកកម្ម គឺការវាយតម្លៃផ្នែកបច្ចេកទេសអំពីស្ថានភាព និងតម្រូវការអភិរក្សនៃសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ។

យោងតាមរបាយការណ៌សង្ខេបស្តីពីការខូចខាតប្រាសាទព្រះវិហារ ដែលត្រូវបានផ្សព្វផ្សាយជាផ្លូវការលើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក បានឱ្យដឹងថា បេសកកម្ម វាយតម្លៃពីផលប៉ះពាល់លើសម្បត្តិបេតិកភណ្ឌពិភពលោក «ប្រាសាទព្រះវិហារ» ត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ដោយ លោកស្រីបណ្ឌិត Mechtild Rössler (អតីតនាយិកានៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក UNESCO) តំណាងឱ្យអង្គការ UNESCO និងលោកសាស្ត្រាចារ្យ Pierre Smars (តំណាង ICOMOS អន្តរជាតិ)។

Inline image
នេះគឺជាបេសកកម្មអន្តរជាតិផ្លូវការលើកដំបូងបង្អស់មកកាន់រមណីយដ្ឋាននេះ ចាប់តាំងពីបេសកកម្មតាមដានពង្រឹង (Reinforced Monitoring Mission) របស់ UNESCO-ICOMOS ក្នុងឆ្នាំ២០០៩។ បេសកកម្មបានពិនិត្យឡើងវិញនូវឯកសារយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលត្រូវបានផ្តល់ជូន ជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធជាច្រើន និងបានចុះទៅទស្សនាក្នុងខេត្តព្រះវិហារ និងប្រាសាទព្រះវិហារ ទោះបីជាស្ថានភាពសន្តិសុខនៅមានភាពប្រឈម និងផុយស្រួយយ៉ាងណាក៏ដោយ។

ក្នុងបេសកកម្មនេះ​ បានរកឃើញបញ្ហាមួយចំនួនទាក់ទងនឹងស្ថានភាពនៃការអភិរក្សសម្បត្តិបេតិកភណ្ឌ រួមទាំងការខូចខាតយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីជម្លោះនាខែកក្កដា និងជាពិសេសនាខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រង ការតាមដាន ការពិនិត្យឡើងវិញ និងការអនុវត្តបទប្បញ្ញត្តិនៃលិខិតុបករណីច្បាប់អន្តរជាតិ ព្រមទាំងជំនួយ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ គោលបំណងនៃបេសកកម្ម គឺដើម្បីវាយតម្លៃស្ថានភាពទូទៅនៃការអភិរក្ស និងការផ្លាស់ប្តូរណាមួយចំពោះស្ថានភាពនៃសម្បត្តិបេតិកភណ្ឌ តំបន់ទ្រនាប់ និងបរិស្ថានជុំវិញដ៏ទូលំទូលាយរបស់វា, ផ្តល់នូវការវិភាគបច្ចេកទេសអំពីការគំរាមកំហែងជាក់ស្តែង និងសក្តានុពលចំពោះតម្លៃលេចធ្លោជាសកល (OUV) នៃសម្បត្តិបេតិកភណ្ឌ, កំណត់វិធានការសង្គ្រោះបន្ទាន់ចាំបាច់ និងវិធានការផ្សេងទៀតដើម្បីគាំទ្រដល់ការអភិរក្ស និងការគ្រប់គ្រងសម្បត្តិបេតិកភណ្ឌ និងវាយតម្លៃតម្រូវការជំនួយរបស់អាជ្ញាធរជាតិព្រះវិហារ (NAPV) និងជំនួយអន្តរជាតិនានាដែលមានសក្តានុពលសម្រាប់ប្រទេសកម្ពុជា។

Inline image

របាយការណ៍សង្ខេបឱ្យដឹងទៀតថា ជម្លោះនាថ្ងៃទី២៤-២៨ ខែកក្កដា និងថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥ រវាងកម្ពុជា និងថៃ បានប៉ះពាល់យ៉ាងខ្លាំងដល់បរិបូណ៌ភាព (Integrity) ព្រមទាំងភាពស្មោះត្រង់ដើម (Authenticity) និងតម្លៃលេចធ្លោជាសកល (OUV) សរុបនៃសម្បត្តិបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ។ ធាតុផ្សំស្ថាបត្យកម្មមួយចំនួនត្រូវបានបំផ្លាញទាំងស្រុងដោយសារការបាញ់ប្រហារចំគោលដៅ ឬបានខូចខាតយ៉ាងធ្ងន់ធ្ងរ របូតចេញពីកន្លែង និង/ឬ ក្រឡាប់ដោយសារកម្លាំងផ្ទុះយ៉ាងខ្លាំងក្លា។ ធាតុផ្សំនៃការលម្អ និងសិលាចារឹកជាច្រើនត្រូវបានខូចខាតទម្រង់ ឬថែមទាំងបាត់បង់ទៀតផង។ ផ្ទៃជញ្ជាំងភាគច្រើននាពេលនេះត្រូវខូចខាតទម្រង់ដើមដោយសារអំបែងគ្រាប់ ហើយការបាញ់ផ្លោងយ៉ាងធ្ងន់ធ្ងរក៏អាចធ្វើឱ្យជ្រលងថ្ម/ជើងភ្នំចុះខ្សោយ ដែលប្រឈមនឹងគ្រោះថ្នាក់ដល់ស្ថិរភាពរបស់វាផងដែរ។ អន្តរាគមន៍នាពេលអនាគតដែលចាំបាច់ដើម្បីលើកកម្ពស់សុវត្ថិភាព និងស្តារបរិបូណ៌ភាពឡើងវិញ អាចនឹងប៉ះពាល់ដល់ភាពស្មោះត្រង់ដើមក្នុងកម្រិតធំជាងអ្វីដែលបានរំពឹងទុកជាបឋម។

ក្នុងបេសកកម្មនេះ​បានសន្និដ្ឋានថា តម្រូវឱ្យមានអន្តរាគមន៍ជាបន្ទាន់លើការបោសសម្អាតមីន និងការសង្គ្រោះ ឬថែរក្សាចម្លាក់ល្បាក់ និងអំបែងថ្មដែលបែកបាក់ មុនពេលរដូវវស្សាមកដល់។ បេសកកម្មក៏បានកំណត់នូវសកម្មភាពចាំបាច់ និងអនុសាសន៍សម្រាប់រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង ដែលត្រូវបានរៀបរាប់ និងបែងចែកជាក្រុមនៅខាងក្រោម។ ទោះបីជាបេសកកម្មទទួលស្គាល់ថា វិសាលភាពគឺដើម្បីផ្តល់ប្រឹក្សាយោបល់ផ្នែកបច្ចេកទេសដល់កម្ពុជាលើការការពារ និងការអភិរក្សសម្បត្តិបេតិកភណ្ឌក៏ដោយ ក៏អនុសាសន៍មួយចំនួនបានជម្រុញឱ្យមានការតាមដានបន្តដែលត្រូវពិចារណាដោយអង្គការ UNESCO និង ICOMOS ដោយសារតែស្ថានភាពនៃសម្បត្តិបេតិកភណ្ឌពិភពលោកនេះ អាចនឹងតម្រូវឱ្យមានការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។

Inline image
Inline image
ដើម្បីជ្រាបកាន់តែច្បាស់អំពីរបាយការណ៍ទាំងស្រុង (សរុប ១០៤ទំព័រ) ស្តីពីការខូចខាតប្រាសាទព្រះវិហារ គឺ «របាយការណ៍បេសកកម្មប្រឹក្សាយោបល់ WHC-ICOMOS នៅប្រាសាទព្រះវិហារ» «JOINT WHC-ICOMOS ADVISORY MISSION TO THE TEMPLE OF PREAH VIHEAR (CAMBODIA)» ដែលបានផ្សព្វផ្សាយជាផ្លូវការលើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក លោកអ្នកអាចចូលទៅកាន់ https://whc.unesco.org/en/list/1224/documents/

Inline image
​រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3