The Khmer Daily Network Logo

National

55 minutes agoLim_Rothanaksambath

រាជធានីភ្នំពេញ ឈ្នះពានរង្វាន់អន្តរជាតិពីអង្គការសុខភាពពិភពលោក (WHO) លើការងារលើកកម្ពស់សុវត្ថិភាពតាមសាលារៀន

រាជធានីភ្នំពេញ ឈ្នះពានរង្វាន់អន្តរជាតិពីអង្គការសុខភាពពិភពលោក (WHO) លើការងារលើកកម្ពស់សុវត្ថិភាពតាមសាលារៀន
ភ្នំពេញ, ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦៖ រាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសជាម្ចាស់ពានរង្វាន់លើកសរសើរ “ការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព” (Safe, Active and Health-enabling Transport) ពីអង្គការសុខភាពពិភពលោក (WHO) សម្រាប់ការខិតខំប្រឹងប្រែងកែលម្អសុវត្ថិភាពចរាចរណ៍ និងការធ្វើដំណើរក្នុងទីក្រុង។

ពានរង្វាន់នេះ គឺជាការទទួលស្គាល់ទៅលើភាពជោគជ័យនៃ «គម្រោងតំបន់សាលារៀនសុវត្ថិភាព» (Safe School Zone Project) ក្នុងរាជធានីភ្នំពេញ ដែលបានរួមបញ្ចូលនូវយុទ្ធសាស្ត្រសំខាន់ៗជាច្រើន រួមមាន៖ ការវិភាគទិន្នន័យសុវត្ថិភាពផ្លូវថ្នល់, ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ, ការកំណត់ល្បឿនបើកបរត្រឹម ៣០ គីឡូម៉ែត្រ/ម៉ោង ក្នុងតំបន់សាលារៀន, ការរឹតបន្តឹងការអនុវត្តច្បាប់, ការអប់រំផ្សព្វផ្សាយ និងការចូលរួមយ៉ាងសកម្មពីសហគមន៍នៅជុំវិញសាលារៀនដែលមានហានិភ័យខ្ពស់។

យោងតាមរបាយការណ៍លទ្ធផលនៃគម្រោង នៅតាមសាលារៀនគោលដៅចំនួន ២ ដែលទទួលបានការអន្តរាគមន៍ បានបង្ហាញពីការប្រែប្រួលជាវិជ្ជមានគួរឱ្យកត់សម្គាល់គឺ កម្រិតសុវត្ថិភាពដែលធ្លាប់ទទួលបានត្រឹមតែ ១ ផ្កាយ បានកើនឡើងរហូតដល់ ៤.២ ផ្កាយ និង ៣.៥ ផ្កាយ, ល្បឿនយានយន្តដែលឆ្លងកាត់តំបន់នោះមានការថយចុះ, សិស្សានុសិស្សជាង ៥០០ នាក់ ទទួលបានការបណ្តុះបណ្តាលអំពីសុវត្ថិភាពចរាចរណ៍ និង ករណីគ្រោះថ្នាក់ចរាចរណ៍ដែលរាយការណ៍ដោយផ្ទាល់ បានធ្លាក់ចុះរហូតដល់ ៥៨%។

ពានរង្វាន់ការទទួលស្គាល់ទីក្រុងមានសុខភាពល្អឆ្នាំ ២០២៦ (2026 WHO Healthy Cities Recognition Awards) នេះ នឹងត្រូវប្រគល់ជូនជាផ្លូវការនៅក្នុងសន្និសីទសកលលើកទី១១ នៃសម្ព័ន្ធដើម្បីទីក្រុងមានសុខភាពល្អ (Alliance for Healthy Cities - AFHC) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៦ ខាងមុខ។

គម្រោងតំបន់សាលារៀនសុវត្ថិភាពនៅភ្នំពេញ ភាគច្រើនត្រូវបានអនុវត្តក្រោមសហការរវាង រដ្ឋបាលរាជធានីភ្នំពេញ ជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) និងទទួលបានការគាំទ្រពីមូលនិធិ Bloomberg Philanthropies ក្នុងគោលដៅកាត់បន្ថយអត្រាមរណភាព និងរបួសលើកុមារដោយសារគ្រោះថ្នាក់ចរាចរណ៍។

ការទទួលបានពានរង្វាន់នេះ សបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការប្រែក្លាយទីក្រុងឱ្យទៅជាកន្លែងដែលរស់នៅមានសុវត្ថិភាព និងផាសុកភាពសម្រាប់ពលរដ្ឋគ្រប់រូប ជាពិសេសសិស្សានុសិស្ស៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network