National

• 2 hours ago• Lim_Rothanaksambath

ក្រសួងបរិស្ថាន និង World Bank បន្តពង្រីកកិច្ចសហប្រតិបត្តិការរបៀងទេសចរណ៍ធម្មជាតិតភ្ជាប់ភ្នំខ្នងផ្សារទៅជីផាតលើកកម្ពស់សេដ្ឋកិច្ចសហគមន៍

ក្រសួងបរិស្ថាន និង World Bank បន្តពង្រីកកិច្ចសហប្រតិបត្តិការរបៀងទេសចរណ៍ធម្មជាតិតភ្ជាប់ភ្នំខ្នងផ្សារទៅជីផាតលើកកម្ពស់សេដ្ឋកិច្ចសហគមន៍
ភ្នំពេញ, ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦៖ ក្រសួងបរិស្ថាន និងធនាគារពិភពលោក (World Bank) បានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅ ដោយផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ធម្មជាតិ និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព សំដៅបង្កើតមុខរបរ បង្កើនប្រាក់ចំណូលជូនប្រជាសហគមន៍មូលដ្ឋាន និងការពារគម្របព្រៃឈើនៅកម្ពុជា។

កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Tania Meyer នាយកធនាគារពិភពលោកប្រចាំកម្ពុជា រួមជាមួយលោក Jean-Dominique Bescond អ្នកជំនាញជាន់ខ្ពស់ផ្នែកគ្រប់គ្រងធនធានធម្មជាតិ និងសេដ្ឋកិច្ចពណ៌ខៀវ (Senior Natural Resources Management Specialist & Blue Economy) និងជាប្រធានក្រុមការងារដឹកនាំថ្មីនៃ «គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» (CSLEP) នៅទីស្តីការក្រសួងបរិស្ថាន។

នៅក្នុងជំនួបនេះ លោកស្រី Tania Meyer បានថ្លែងអរគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្នុងការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨» ដែលផ្តោតលើសសរស្ដម្ភអាទិភាពចំនួន៣ គឺ «ស្អាត បៃតង និងចីរភាព»។ លោកស្រីបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា ធនាគារពិភពលោកនឹងបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រកម្ពុជាលើការគ្រប់គ្រងបរិស្ថាន ការកាត់បន្ថយការបំពុលដោយប្លាស្ទិក និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះ លោក Jean-Dominique Bescond ក៏បានគូសបញ្ជាក់ពីការបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងបរិស្ថាន តាមរយៈគម្រោង CSLEP ដើម្បីជំរុញការងារគ្រប់គ្រងធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារពិភពលោក ដែលតែងតែជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំ ដោយបានផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វឌ្ឍនភាពនៃគម្រោង CSLEP មិនត្រឹមតែជួយការពារគម្របព្រៃឈើ និងជីវៈចម្រុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ «គោលដៅលម្ហែបៃតង» ដែលបង្កើតមុខរបរថ្មីៗ និងបង្កើនប្រាក់ចំណូលផ្ទាល់ខ្លួនជូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍។

Inline image
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានឯកភាពគ្នាជំរុញការអនុវត្តគម្រោង CSLEP លើការសាងសង់ផ្លូវឡើងភ្នំខ្នងផ្សារ ដែលជាគោលដៅលម្ហែបៃតងដ៏ទាក់ទាញនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

លើសពីនេះ ស្របតាមទស្សនវិស័យដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថានកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីប្រែក្លាយតំបន់ឧទ្យានជាតិជួរភ្នំក្រវាញឱ្យទៅជារបៀងទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល។ ក្នុងនោះ ក្រសួងមានផែនការសិក្សា និងធ្វើផ្លូវប្រវែងប្រមាណ ១០គីឡូម៉ែត្រ តភ្ជាប់ពីភ្នំខ្នងផ្សារ ទៅកាន់តំបន់ជីផាត ក្នុងភូមិសាស្ត្រស្រុកថ្មបាំង ខេត្តកោះកុង។

តម្រាយផ្លូវទេសចរណ៍ធម្មជាតិនេះ នឹងអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចធ្វើដំណើរផ្សងព្រេង សម្រាកលម្ហែជាមួយធម្មជាតិ និងទស្សនាទឹកធ្លាក់ស្រស់ស្អាតជាច្រើនកន្លែង ដែលប្រែក្លាយតំបន់ទាំងនោះទៅជា «ប៉ូលសេដ្ឋកិច្ចទេសចរណ៍ដ៏រស់រវើក» ដើម្បីជួយលើកកម្ពស់ជីវភាពសហគមន៍ និងចូលរួមការពារព្រៃឈើប្រកបដោយចីរភាព ដោយមានការសិក្សា និងគាំទ្របន្ថែមពីធនាគារពិភពលោក។

សូមជម្រាបឱ្យដឹងផងដែរថា យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន (២០២៣-២០២៨) គឺជាផែនទីចង្អុលផ្លូវរបស់ក្រសួងបរិស្ថាន ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការកាត់បន្ថយសំណល់ប្លាស្ទិក (ស្អាត) ការដាំដើមឈើបង្កើនគម្របព្រៃឈើឱ្យបាន ៦០% ត្រឹមឆ្នាំ២០៥០ (បៃតង) និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព (ចីរភាព)៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3