Football
• 2 hours ago• Lim_Rothanaksambath
អង់គ្លេស ខកចិត្តខ្លាំង ខណៈក្ដីស្រមៃ World Cup ត្រូវរលាយសាបសូន្យ បន្ទាប់ពី អាហ្សង់ទីន ស៊ុតបញ្ចូលទី ២ គ្រាប់នៅចុងម៉ោង

ភ្នំពេញ, ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦៖ ក្រុមបាល់ទាត់ជម្រើសជាតិ អាហ្សង់ទីន បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ជើងឯកពិភពលោក ឆ្នាំ២០២៦ (World Cup 2026) បន្ទាប់ពីបានយកឈ្នះ អង់គ្លេស ដោយលទ្ធផល ២-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៦ ដែលការប្រកួតធ្វើឡើងនៅនៅទីក្រុង Atlanta សហរដ្ឋអាមេរិក។
ក្នុងនោះ សារព័ត៌មានអន្តរជាតិ BBC (SPORT) បានចេញផ្សាយអត្ថបទមួយថា «ក្រុមអង់គ្លេស ត្រូវខកចិត្តយ៉ាងខ្លាំង ខណៈក្ដីស្រមៃក្នុង World Cup របស់ពួកគេត្រូវបានរលាយសាបសូន្យ បន្ទាប់ពី អាហ្សង់ទីនស៊ុ តបញ្ចូលទី ២ គ្រាប់នៅចុងម៉ោង ដើម្បីវាយបកយកឈ្នះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅទីក្រុង Atlanta»។
អត្ថបទព័ត៌មានរបស់ BBC (SPORT) បានរៀបរាប់ថា ក្រុមរបស់លោក Thomas Tuchel ហាក់ដូចជាកំពុងធ្វើដំណើរទៅកាន់វគ្គផ្ដាច់ព្រ័ត្រ World Cup ផ្នែកបុរសជាលើកដំបូងសម្រាប់ អង់គ្លេស គិតចាប់តាំងពីការឈ្នះនៅឆ្នាំ ១៩៦៦ នៅពេលដែល Anthony Gordon បានស៊ុតនាំមុខក្នុងការប្រកួតដ៏តានតឹងមួយនៅនាទីទី ៥៥។
ទោះជាយ៉ាងណាក៏ដោយ អាហ្សង់ទីន បានភ្ញាក់ដឹងខ្លួនវិញ និងបានផ្លាស់ប្ដូរស្ថានការណ៍ការប្រកួត នៅពេលដែល Enzo Fernandez ស៊ុតតាមស្មើយ៉ាងអស្ចារ្យនៅសល់ ៥ នាទីចុងក្រោយ មុនពេល Lautaro Martinez តែតបញ្ចូលទីគ្រាប់បាល់ជ័យជម្នះនៅម៉ោងបន្ថែមបង្គ្រប់ ចេញពីការលើកបាល់របស់ Lionel Messi។
Images-Content-0760ការរង់ចាំជោគជ័យរបស់ អង់គ្លេស នៅតែបន្ត ខណៈពេលនេះពួកគេត្រូវប្រឈមមុខជាមួយបារាំងក្នុងការប្រកួតដណ្ដើមយកលេខ ៣ ចំណែក អាហ្សង់ទីន នឹងព្យាយាមការពារតំណែងជើងឯករបស់ពួកគេទល់នឹង អេស្ប៉ាញ នៅថ្ងៃអាទិត្យ សប្តាហ៍នេះ។
បរិយាកាសដ៏ក្ដៅគគុកទាំងក្នុង និងក្រៅកីឡដ្ឋាន Atlanta Stadium ត្រូវបានឆ្លុះបញ្ចាំងតាមរយៈតង់ទីមួយដ៏តានតឹង ដែលមានការបង្កកំហុសរហូតដល់ ១៩ ដង ខណៈអាជ្ញាកណ្ដាលជនជាតិអាមេរិក លោក Ismail Elfath ជួបការលំបាកក្នុងការគ្រប់គ្រងការប្រកួត។
Fernandez ស្ទើរតែរកគ្រាប់បាល់បានតាមរយៈការស៊ុតពីចម្ងាយដែលខុសគោលដៅបន្តិច ប៉ុន្តែគឺ អង់គ្លេស ដែលជាអ្នករកគ្រាប់បាល់នាំមុខបានសម្រេច នៅពេលដែល Morgan Rogers បានបង្ហាញពីសមត្ថភាពរបស់ខ្លួនជាមួយនឹងការលើកបាល់យ៉ាងល្អឥតខ្ចោះពីស្លាបស្ដាំឱ្យ Gordon ស៊ុតបញ្ចូលទីនៅបង្គោលទីខាងឆ្ងាយ។
អាហ្សង់ទីន បានចាប់ផ្ដើមសម្រុកយ៉ាងខ្លាំង ហើយវាបានទាមទារឱ្យមានការសង្គ្រោះបាល់យ៉ាងរហ័ស និងអស្ចារ្យពីអ្នកចាំទីអង់គ្លេស Jordan Pickford ដើម្បីការពារកុំឱ្យការតែតរបស់ Nico Gonzalez ចូលទី។
ខណៈពេលដែល អង់គ្លេស ស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង Alexis Mac Allister បានតែតប៉ះបង្គោលទី មុនពេល អាហ្សង់ទីន តាមស្មើបានសម្រេចនៅ ៥ នាទីចុងក្រោយ ដោយការស៊ុតពីចម្ងាយ ២៥ យ៉ាត យកឈ្នះអ្នកចាំទី Pickford ដែលកំពុងការពារយ៉ាងស្វិតស្វាញ។
លោក Tuchel បានរៀបចំក្រុម អង់គ្លេស ឱ្យការពារតំបន់គ្រោះថ្នាក់ជាមួយខ្សែការពារកណ្ដាលចំនួន ៤ នាក់ ប៉ុន្តែសន្ទុះនៃការវាយសម្រុករបស់ អាហ្សង់ទីន គឺមិនអាចបញ្ឈប់បានឡើយ ដោយ Mac Allister បានស៊ុតប៉ះបង្គោលទីម្ដងទៀត មុនពេល អង់គ្លេស បានភ្លាត់ស្នៀតនៅនាទីទី ៩២ ហើយ Martinez បានស៊ុតបញ្ចូលទីដើម្បីកាត់សេចក្ដីការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដ៏ជក់ចិត្តនេះ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
